រត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប ក្រោមមូលបទ «មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន»
កែប ៖ កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត ចំនួន១ ៩៤៩នាក់កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានរួមគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព,ផ្សារភ្ជាប់ជាមួយមហា ជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងលោកជំទាវ កែ សួនសុភី រួមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស.ស.យ.ក. ក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន» ។
មូលហេតុដែលក្រុមការងារស.ស.យ.ក.សម្រេចជ្រើសរើសយកមូលបទនៃកម្មវិធី«មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន»នេះ គឺដើម្បីជាការដាស់តឿនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន យុវនារីឱ្យជៀសឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ដែលប្តេជ្ញាចិត្ត ថា«កម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀន ដោយផ្តើមចេញពីបុគ្គលម្នាក់ទៅគ្រួសារមួយដែលស្អាតស្អំ គ្មាន គ្រឿងញៀន» និងស្របតាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
សូមបញ្ជាក់ថា វិញ្ញាសារនៃការចូលរួមមាន ប្រភេទចម្ងាយ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ២១គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទ ម្ងាយ១០គីឡូម៉ែត្រ(ផ្នែកបុរសនិងនារី), ប្រភេទចម្ងាយ៥គីឡូម៉ែត្រ(ផ្នែកបុរស និងនារី) និងប្រភេទចម្ងាយ៣គីឡូម៉ែត្រសម្រាប់អ្នកមានពិការភាព(ផ្នែកបុរស និងនារី)ជាដើម ៕
ដោយ៖ គ្រី សម្បត្តិ







