រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចូលរួមសម្ពោធសមិទ្ធផល​ជាច្រើន​នៅវត្តគងជ័យ

ភ្នំពេញ៖អគារសាលាពុទ្ធិកបឋមសិក្សាចំនួនមួយខ្នងកម្ពស់ពីរជាន់ និងបណ្ណាល័យចំនួនមួយ ព្រមទាំងសមិទ្ធ​ផលជាច្រើនទៀត​ស្ថិត​នៅ​វត្តគងជ័យបារមីមានឫទ្ធិ នៃភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធ​កាល​ពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និងជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តត្ពូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុម​ការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ក្រុង ស្រុក ខេត្តត្បូងឃ្មុំទាំងមូល ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព យាយជីតាជី សិស្សានុសិស្ស យុវជននិងប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំនូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការ​គិតគូរអំពីសុខទុក្ខរបស់​ប្រជាពល​រដ្ឋ​គ្រប់ទីកន្លែងជានិច្ច។ ឯកឧត្តមគូសរំលេចថា ក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងទទួល​បានពី​នយោបាយឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុនសែន បានធ្វើឱ្យ​ប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសមិទ្ធផលកើតឡើងជា​ច្រើន ដូចក្នុងពេល​នេះ​ជាឧទាហរណ៍ស្រាប់ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់តម្លៃលើកម្លាំងសាមគ្គីរួមគ្នា​កសាង។ឯកឧត្តមលើកឡើងថា សមិទ្ធផលនៅថ្ងៃ​នេះឆ្លុះបញ្ចាំង​ពីការរួមសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឱ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សូមបន្តរួម​គ្នាលើកស្ទួយ និងបន្តកសាង​សមិទ្ធផលនានាថ្មីៗបន្ថែមទៀត ។បន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងជំរុញឱ្យមូលដ្ឋានមានភាពស្អាត។

ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏​ត្រឹមត្រូវ ធ្វើឱ្យ​មានការអភិវឌ្ឍ​រីកចម្រើនក្នុង​សហគមន៍ ក្នុងសង្គម​ជាតិ។ឯកឧត្តមបណ្ឌិតបន្ថែមថា ស្រុកអូររាំងឪដូចគ្នា ពិតជាបាន​បោះជំហានយ៉ាងលឿន ធ្វើឱ្យ​ប្រជាពលរដ្ឋយើងរស់នៅមាន​ជីវភាព​ធូរធារ និងមានលទ្ធភាព ក្នុងការចូលរួមសាមគ្គីកសាង នូវសមិទ្ធផល​នានា តាមទី​វត្តអារាម ពោលគឺ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមការងារ​ចុះមូល​ដ្ឋាន បានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយកសាងហេដ្ឋា​រចនា​សម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បាននាំយកបច្ច័យ​ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រគេនដល់ព្រះ​សង្ឃ និងបានផ្តល់ជូន​សម្ភារប្រើ​ប្រាស់ ថវិកា ដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែល​ចូលរួម​នាឱកាសនោះ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner