ប្រមុខក្រសួងការពារជាតិអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងនៃទិសយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បាត់ដំបង៖ ខណៈនៅសល់រយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ ឯកឧត្តម​នាយ​ឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអមដំណើរដោយ​ឯកឧត្តម សុខ លូ អភិបាល​​ខេត្តបាត់ដំបង បាន​អញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​គោកកម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ​ខេត្តបាត់ដំបង ។

ក្នុងជំនួបផ្ទាល់ដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្នុងសប្ដាហ៍កន្លងទៅ​នៅទីបញ្ជាការកងការពារព្រំ​ដែនលេខ​​៥០២ នៃស្រុកសំឡូត ខេត្ត​បាត់ដំបង ​នាយទាហាន នាយទាហានរង និងពលទាហានទិសយោធ​ភូមិភាគទី៥បា​នបង្ហាញនូវអារម្មណ៍សប្បាយរីករាយចំពោះការ​យក​ចិត្ត​ទុក​ដាក់ពីប្រមុខក្រសួងការពារជាតិ ពីរដ្ឋបាលខេត្តបាត់ដំបង ។ពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តការពាររាជរដ្ឋាភិបាល ការពារព្រះ​មហាក្សត្រ និងការពារបូរណភាពទឹកដី ។
 
ក្នុងពិធីសំណេះសំណាលឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវ​បណ្ឌិត​ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំកំពូល ផ្ញើជូនគ្រប់អគ្គបញ្ជាការ មេបញ្ជាការ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ និងគ្រប់កងកម្លាំងការពារព្រំដែនគោកទិសយោធភូមិភាគទី៥ ដែលឈរជើង​ការពារនៅបន្ទាត់ព្រំដែននាពេលនេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់កង​កម្លាំង​ការពារព្រំដែន ដែលបានអនុវត្តតួនាទីភារកិច្ច​បានល្អ​ប្រសើរ ក្នុងការការពារ និងអនុវត្តតួនាទីភារកិច្ចដែលមេបញ្ជាការបាន​ប្រគល់ជូន ។ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជា​អគ្គបញ្ជាការ ឯកឧត្តមនឹងរៀបចំសម្ភារៈបច្ចេកទេសមួយចំនួន ដើម្បីឧបត្ថម្ភបន្ថែមទៀត ក្នុងកិច្ចការ
ពារព្រំដែន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឧបត្ថម្ភនូវ​អំណោយ​និងថវិកា មួយ​ចំនួនជូនដល់គ្រប់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធ ដែលឈរជើង​តាមបន្ទាត់ព្រំដែនគោកនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

សូមជម្រាបថា ខេត្តបាត់ដំបង ជាខេត្តភាគខាងលិចនៃប្រទេស ដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner