ព្យុះស៊ីក្លូនដ៏កំណាចវាយប្រហារអូស្រ្តាលី
កង់បេរ៉ា ៖ ព្យុះស៊ីក្លូនដ៏កំណាច Alfred បានពាំនាំខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំងវាយលុកឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី បង្កជាទឹកជំនន់ជន់លិចទ្រព្យសម្បត្តិប្រជាជន និងសម្លាប់មនុស្សម្នាក់។
ព្យុះស៊ីក្លូនត្រូពិចប្រភេទទី ២ នេះ បានវាយប្រហារឆ្នេរសមុទ្រអូស្ត្រាលីមានប្រវែង ៤០០ គីឡូម៉ែត្រ ទើបចុះខ្សោយទៅជាព្យុះត្រូពិចធម្មតាវិញនៅល្ងាចថ្ងៃសៅរ៍។
ប៉ុន្តែចំហាយនៃព្យុះ Alfred បានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើកាលពីថ្ងៃអាទិត្យ ហើយតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត គឺនៅភាគអាគ្នេយ៍នៃរដ្ឋ Queensland និងភាគឦសាននៃរដ្ឋ New South Wales។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានព្រមានថា អាកាសធាតុអាក្រក់នៅតែមានគ្រោះថ្នាក់ ពីព្រោះស្ថានភាពនៅ Queensland និងភាគខាងជើង New South Wales នៅតែធ្ងន់ធ្ងរនៅឡើយ ដោយសារទឹកជំនន់ភ្លាមៗ និងខ្យល់បក់ខ្លាំង។
បើយោងតាមការព្យាករនោះ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ជាវិធានការត្រៀមខ្លួន ការិយាល័យឧតុនិយមអូស្ត្រាលីបានដាក់ចេញការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ សម្រាប់តំបន់ទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Queensland និងភាគឦសាននៃរដ្ឋ New South Wales៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា