គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់​កូន​មានអាយុ ២ឆ្នាំ គឺជានយោបាយដ៏ល្អ ដើម្បីជួយដល់ស្រ្តី

(ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ​និយោ​ជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹក​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា គោល​នយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូន​មាន​អាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូត​ដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយ​ដ៏ល្អ​​ដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅ​ពេល​​ពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល​ក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន ៤លើក មុន​ពេល​សម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូន​ភ្លោះ​៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត ។

សម្ដេចបវរធិបតី បានគូសរំលេច អំពីគោលបំណងដែលសម្ដេច​អញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់​មក​មើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញ​គោល​ការ​ណ៍​នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះ​សំ​ណាល​ជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយពេលនោះសម្ដេចបា​ន​ដាក់ចេញគោលការណ៍ចំនួន ១០ ដើម្បីឱ្យក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ត ហើយ ការបង្កើតទារកដ្ឋាននៅ​តាមរោងចក្រ សហគ្រាស គឺជា គោលការណ៍១ ក្នុងចំណោម​គោ​លការណ៍ទាំង១០ ដែលសម្ដេចបានដាក់ចេញនាពេលនោះ ។

ទារកដ្ឋានរោងចក្រម៉ាវ៉ល ហ្កាមិន គឺជាទារកដ្ឋានទី១ នៅប្រ​ទេស​កម្ពុជា ប៉ុន្តែទៅថ្ងៃក្រោយ យើងនឹងរៀបចំបង្កើតទារកដ្ឋាន​ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះ យើងបានកំណត់​ជា​គោលការណ៍ គឺ រោងចក្រ សហគ្រាស ដែលមានកម្មករនិយោ​ជិត លើសពី ១០០នាក់ គឺត្រូវរៀបចំបង្កើតទារកដ្ឋាន នៅក្នុង​រោង​ចក្រ សហគ្រាស នោះ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា គោលនយោបាយ​របស់​​រាជរដ្ឋាភិបាល បាន និងកំពុងជួយដល់ប្រជាពលរដ្ឋ​ជាច្រើន ហើយប្រជាពលរដ្ឋកំពុងទទួលបានផល​ជាក់​ស្ដែង​ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តួយ៉ាង បណ្ណ ប.ស.ស. បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ យ៉ាងច្រើន ដោយប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណ ប.ស.ស.ដើម្បី​ទៅ​ពិនិត្យ​សុខភាព និងព្យាបាលជំងឺ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូ ហើយបន្ថែម​ពីនេះ បណ្ណ ប.ស.ស. ក៏អាចជួយដល់កម្មករនិយោជិត ពេល​មានគ្រោះថ្នាក់ការងារ ហើយបើសិនជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរ​រហូតដល់បាត់បង់សមត្ថភាពក្នុងការបំពេញការងារ ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំបណ្ដុះបណ្ដាល​ជំនាញដើម្បីអាចជួយលើកកម្ពស់ជីវភាពផងដែរ ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានឱ្យ ក្រសួងការងារ និង​​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរោងចក្រ សហគ្រាស រួមសហការ​គ្នាក្នុងការលើកកម្ពស់សុខភាពទារក និង កុមារ ព្រមទាំង​រៀប​ចំជាការបណ្ដុះបណ្ដាល ដល់កុមារនៅតាមទារកដ្ឋាននីមួយៗ ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner