ម៉ូតូបុកជាមួយរថភ្លើងបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅស្រុកទឹកផុស
កំពង់ឆ្នាំង៖បុរសអ្នកបើកម៉ូតូម្នាក់បានបាត់បង់ជីវិត និងស្រ្តីជាអ្នករួមដំណើរម្នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកជាមួយរថភ្លើងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១០ ខែមីនានៅផ្លូវលេខ៥៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងភូមិស្រែតាជៃខាងលិច ឃុំអអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ប៉ូលិសសន្និដ្ឋានថាគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកម៉ូតូមិនមានការប្រុងប្រយ័ត្ន។
ប៉ូលិសបញ្ជាក់ថា បុរសអ្នកបើកម៉ូតូឈ្មោះ ជា សុផាត អាយុ៦៥ឆ្នាំ រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ។អ្នករួមដំណើរឈ្មោះ អ៊ុន សុផានី ភេទស្រី អាយុ៥៣ឆ្នាំ ជាប្រពន្ធ។ម៉ូតូបើកពីទិសខាងលិច ឆ្ពោះទៅទិសខាងកើតបានបុករថភ្លើងលេខ១០៣៥ ពណ៌ខៀវលាយលឿង បើកបរដោយឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅផ្ទះហាស ៦ ភូមិកន្ទោកជើង សង្កាត់កន្ទោក ស្រុកល្វាឯម ខេត្តកណ្តាល ។រថភ្លើងបើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង (ក្នុងដំណើរខ្វែងទិសគ្នា)។ស្ត្រីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានបញ្ជាក់ថា អ្នកបើកបរម៉ូតូមិនមានការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យរថភ្លើងបុកតែម្ដង។រថភ្លើងបានបើករលើគន្លងផ្លូវនិងបានដាក់បារាស់លើផ្លូវរថភ្លើងទៀតផង៕



ដោយ៖សុខ គឹមសៀន