អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បណ្តុះកូនឈើបានជាង ៥០ម៉ឺនដើម ដែលជាការចូលរួមចំណែកដល់យុទ្ធនាការ«ពន្លកបៃតង»របស់ក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ការបង្កើតការបណ្តុះ និងចែកកូនឈើ​ជូនប្រជាពល​រដ្ឋ​យកទៅដាំស្តារព្រៃ ដាំនៅតាមទីសាធារណៈនានា គឺជួយ​បង្កើន​ភាពបៃតង និងផ្តល់ប្រយោជន៍ដល់ការរស់នៅរបស់​មនុស្សជាតិ ។

ដើម្បីចូលរួមចំណែកដល់យុទ្ធនាការ«ពន្លកបៃតង» របស់ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia)បានចូលរួមបណ្តុះកូនឈើបានជាង ៥០ម៉ឺនដើម នៅតាមថ្នាលបណ្តុះកូនឈើធំៗចំនួន២កន្លែង នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិជួរភ្នាំក្រវាញ ដែលទីតាំងទី១ នៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងទីតាំងទី២ នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក អាត់ ណុច ប្រធានគ្រប់គ្រងស្ថានីយ៍បណ្តុះកូនឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ៖ ទីតាំងបណ្តុះ​កូន​ឈើ ២កន្លែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ គឺទីតាំងទី​មួយ​ស្ថិតនៅឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានទីតាំង​នៅ​ខេត្តកោះកុង និងទីតាំងទី២ស្ថិតនៅឃុំ អូរសោម ស្រុកវាល​វែងខេត្តពោធិ៍សាត់នេះមានចំនួនជាង ៥០ម៉ឺនដើមក្នុងនេះមាន​ចំនួន ២១មុខ ដើម្បីឱ្យស្របតាមយុទ្ធនាការ ”ពន្លកបៃតង” របស់ក្រសួងបរិស្ថាន ។

លោក អាត់ ណុច បានប្រាប់ថា៖ «កូនឈើដែលបណ្តុះស្ថិតនៅ​ក្នុង​បន្ទាត់ក្រហមពោល គឺប្រភេទដើមឈើដែលកម្រ ហើយ​ដែល​អាចឈានដល់ផុតពូជនោះមានចំនួន ៧ប្រភេទក្នុងនេះ​ដូចជា គ្រញូង នាងនួន បេង ធ្នុង ឈើទាល កកោះ និង គគីរ ។ គម្រោងនេះក៏ជាផ្នែកមួយសំខាន់សម្រាប់ជួយដល់ជីវភាពប្រជាសហគមន៍ដើម្បីបញ្ចប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ​ព្រៃ​ខុស​ច្បាប់ផងដែរ” ។

អ្នកស្រី ធី ស្រីលីន បុគ្គលិកស្ថានីយ៍បណ្តុះកូនឈើឆាយវល្លិ៍​ពេន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថា «តាមរយៈ​ការងារក្នុងស្ថានីយបណ្តុះកូនឈើនេះដែរវាពិតជាបានជួយអ្នកស្រីឱ្យមានការងារធ្វើ ដោយមិនចាំបាច់ចេញទៅប្រកបរបរ​ឆ្ងាយ​ពី​ផ្ទះ​ឬធ្វើចំណាកស្រុកទៀតឡើយ ។ អ្នកស្រីពិតជាសប្បាយ​ចិត្ត​ដោយសារជីវភាពល្អប្រសើរជាងមុន និងបានរួមរស់នៅក្បែរ​ផ្ទះសម្បែងជួបជុំគ្រួសារ ខុសពីមុនមួយថ្ងៃៗចេញទៅព្រៃបាត់ៗ​ពីផ្ទះ” ​។

អ្នកស្រី បានឱ្យដឹងបន្ថែមថា៖«កាលពីមុននេះស្វាមី និងក៏ដូច​ជាខ្លួនអ្នកស្រីតែងចូលព្រៃកាប់ឈើ ចាប់សត្វព្រៃ តែពេលនេះ​បានមកធ្វើការបណ្តុះកូនឈើជាមួយអង្គការសម្ព័ន្ធសត្វព្រៃធ្វើឱ្យគ្រួសារអ្នកស្រីយល់ដឹងច្រើនពីផលប្រយោជន៍ដើមឈើ និង​ពេល​នេះស្រឡាញ់ចូលចិត្តដើមឈើ និងក៏ដូចជាសត្វព្រៃ”។

គួររំលឹកថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានគម្រោងការបណ្តុះ​កូនឈើ ដើម្បីចែកជូនសហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និង​អាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋយកទៅដាំស្តារព្រៃឈើ​តំបន់​រិចរិលឡើងវិញនៅតាមសហគមន៍តំបន់ការពារធម្មជាតិនិងនៅតាមទីតាំងសាធារណៈមួយចំនួន ។

ដើមឈើមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតង និងមានអត្ថប្រយោជន៍សម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខ​ងារដ៏​សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះ​កញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទី​សំខាន់​ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner