ប្រឡងសិស្សពូកែទូទាំងខេត្តបន្ទាយមានជ័យចាប់ផ្តើម

បន្ទាយមានជ័យ៖ការប្រឡងសិស្សពូកែទូទាំងខេត្តបន្ទាយមានជ័យ​បាន​ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១០ ខែមីនា នៅមណ្ឌល​វិទ្យាល័យ សម្តេចឪ ក្រុងសិរីសោភ័ណ ខ ដោយអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុងពិធីបើកវិញ្ញាសារប្រឡងសិស្សពូកែ ,លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ។

លោក ឈូ ប៊ុនរឿង បានឱ្យដឹងថា ការប្រឡងសិស្សពូកែទូទាំង​ខេត្ត​បន្ទាយមានជ័យ ចែកចេញជា២ផ្នែក។ គឺការ​ប្រឡង​ថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបមាន៣៤បន្ទប់ ,បេក្ខជនចូលរួមប្រឡង​ចំនួន​៥៦២នាក់ (ស្រី២១៧នាក់)។ក្នុងនេះ ថ្នាក់ទី៩​មានបេក្ខជនចំនួន ៣២៧នាក់ (ស្រី១១៧នាក់ ),ថ្នាក់ទី១២ មានបេក្ខជនចំនួន ២៣៥នាក់( ស្រី ១០០នាក់) និងមាន​គណៈមេប្រយោគ១០៥នាក់ ។សិស្សមកពី៩ ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ ។ការប្រឡង​ពេញមួយថ្ងៃលើវិញ្ញាសាអក្សរសិល្ប៍ខ្មែរ ,គណិតវិទ្យា, រូបវិទ្យា និង វប្បធម៌ទូទៅ ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានរំលឹក​ដល់គណៈមេប្រយោគត្រូវធ្វើការ​ណែនាំ​ដល់ ដល់បេក្ខជន បេក្ខនារី​ប្រឡង ត្រូវគោរពវិន័យប្រឡង គោរពបទបញ្ជាបទបញ្ញត្តិដែល​ក្រសួង​អប់រំបានដាក់ចេញ “អ្នកចេះគឺជាប់”៕


ដោយ៖ឃិន គន្ធា

ads banner