កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញ​ដង​ខ្លួន​ ពុទ្ធបដិមា១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង

(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមរយៈការ​សហ​ការ​ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)ក្នុងការ ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅ​កំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរ ត្រូវ​បាន​រកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សា​ទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។

ទាក់ទិនក្នុងរឿងនេះ លោកស្រី នេត ស៊ីមន បុរាណវិទូ នៃអាជ្ញា​ធរ​ជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់​កាល​ទី​២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញ​ដងខ្លួននៃពុទ្ធបដិមា​ក្នុង​ចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមា​ចំនួន ១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង ១.១៦សង់​ទី​ម៉ែត្រ និងទំហំស្មា ៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿង​អលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្ថឆ្វេងដាក់លើ​ដើម​ទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។

អ្នកជំនាញរូបនេះបន្តថា​ ក្រោយពីរកឃើញហើយក្រុមការងារ​បាន​ចុះបញ្ជីតាមបច្ចេកទេស ដែលដងខ្លួនពុទ្ធបដិមានេះ មាន​លេខបញ្ជី N°294។ បន្ទាប់មកក្រុមការងារបានស្កេន​ប្រៀប​ធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹង​បំណែកដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពី​ខែ​កក្កដា ឆ្នាំ២០២៤ កន្លងមក។

ចំណែកព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤នៃប្រាសាទតាព្រហ្ម ក្នុង​ឆ្នាំ១៩២៧ បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ក៏ត្រូវបាន​សិក្សា​ស្កេនប្រៀបធៀបត្រូវគ្នានិងដងខ្លួននៃបដិមា​ដែលរក​ឃើញនៅដំណាក់កាលទី២នេះដែរ។ ដូចនេះផ្នែកផ្សេងៗ​នៃពុទ្ធបដិមាខាងលើដែលបាក់បែក ត្រូវបានផ្គុំឡើងវិញ​ស្ទើរ​តែពេញលេញទម្រង់ដើម។ ចំពោះផ្នែកដែលបាត់បង់ដែលស្វែ​ង​រក​មិនទាន់ឃើញ គឺបាត់ព្រះសហ្តស្តាំតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កិច្ចការកំណាយនេះធ្វើឡើងក្នុងគោលបំណង​រៀបចំ​វត្ថុសិល្បៈក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារ​តែ​មានរូបចម្លាក់ជាច្រើនបាននៅរាយប៉ាយតាមកំពែងឬក៏នៅក្នុងរោងទង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner