ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុន UnionPay ដាក់ឱ្យដំណើរការនូវការទូទាត់តាម QR Code ដំណាក់កាលទី២ រវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់ UnionPay

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ រវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់ UnionPay នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពីលោក Larry Wang អគ្គនាយក និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UnionPay International (UPI) និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់ តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ប្រមាណ ២៤៥នាក់ ។

លោក Larry Wang នាយកប្រតិបត្តិ នៃក្រុមហ៊ុន បណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានលើកឡើងថា ចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ បានសបញ្ជាក់ពីការសម្រេចបាន នូវជោគជ័យ ក្នុងការធ្វើសមាហរណ កម្មប្រព័ន្ធបាគង សម្រាប់ការទូទាត់ឆ្លងដែន ក្រោយពីដាក់ឱ្យដំណើរការ ជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១ ខណៈការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែន តាមឃ្យូអរកូត ដំណាក់កាលទី២នេះ នឹងរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល នៅកម្ពុជា ផងដែរ ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ដំណាក់កាលទី២ នេះ (បាគងស្កេន UnionPay) ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន តាមប្រព័ន្ធបាគង ដែលបានផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជា អាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូត នៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត តាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញ ប័ណ្ណទូទាត់អន្តរជាតិ UnionPay International និង QR របស់ក្រុមហ៊ុន WeChat Pay ។

លោកជំទាវបណ្ឌិត បន្តថា គំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍ ការទូទាត់ឆ្លងដែននេះ នឹងផ្ដល់នូវកាលានុវត្តភាព ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនការទូទាត់ឆ្លងដែន ព្រមទាំងប្រតិបត្តិការផ្ទេរប្រាក់ ។ ការណ៍នេះ, រួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner