បញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផល​តម្លៃជាង១,៣​លានដុល្លារនៅវត្តកែវបូព្រឹក្ស ស្រុកស្រីសន្ធរ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ភាពជឿជាក់ទើបពុទ្ធបរិស័ទមានសទ្ធា​ជ្រះថ្លា ចូលរួម​កសាង សមិទ្ធផលក្នុងវិស័យពុទ្ធចក្រផ្សេងៗ ។ដូច្នេះសូមឱ្យគណៈកម្មការអាចារ្យវត្តនិងគណៈសង្ឃទាំងអស់ត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ជិតឆ្ងាយ មានជំនឿទុកចិត្តចូលរួមកសាងសមិទ្ធផលថ្មីៗ បន្តទៀត ។ ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបុណ្យបញ្ចុះ​ខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា​តម្លៃជាង១,៣លានដុល្លារអាមេរិក ក្នុងវត្តកែវបូព្រឹក្ស ហៅ វត្តត្នោតអូរឡេង នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។

ក្នុងពិធីយ៉ាងអធឹកអធមកាលព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានគូសរំលេច ថា ព្រះវិហារថ្មី និងសមិទ្ធផលនានាដែលអាចកសាងទៅបាន គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិនិងប្រាក់ចំណូល របស់ប្រជាពលរដ្ឋមានការកើនឡើង។ជីវភាពគ្រួសារ​កើនឡើង​ និងការមានជំនឿជឿជាក់លើព្រះសង្ឃ គណៈ​កម្មការអាចារ្យវត្ត និងមានការរួមសាមគ្គីគ្នាយ៉ាង​ល្អផង ទើប​លេចចេញជាសមិទ្ធផលនានាបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ពិសេសវត្តអារាមក្នុងមូលដ្ឋានរបស់ខ្លួន ។

សូមជម្រាបថា ក្រៅពីព្រះវិហារថ្មីនៃវត្តកែវបូព្រឹក្ស ហៅ វត្ត​ត្នោត​អូរឡេង ក៏នៅមានសមិទ្ធផលផ្សេងៗចំនួន៩មុខទៀត ដែលត្រូវប្រើប្រាស់បច្ច័យកសាងសរុបចំនួន ១.៣០៧.៤០០​ដុល្លារអាមេរិក ៕
ដោយ៖លីពៅ

ads banner