កំពត៖ ២ខែដើមឆ្នាំ មានទេសចរជិត ៤សែននាក់មកលម្ហែ

កំពត៖ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រកាលពីចុង​ឆ្នាំ២០២៤កន្លងទៅដោយជោគជ័យជាមួយកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់នោះ ដោយឡែករយៈ​ពេល​២ខែ​ដើមឆ្នាំ ២០២៥ នេះ បរិមាណប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅបណ្តារមណីយដ្ឋាន​នានា​ក្នុងខេត្តកំពត ក៏ហាក់នៅមានកំណើនជាលំដាប់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានលើកឡើងថា ពិនិត្យជារួមភ្ញៀវទេសចរមកសម្រាកលម្ហែ
មានភាពល្អប្រសើរពោលមានការកើនឡើង ទាំងភ្ញៀវជាតិ និងអន្តរជាតិពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយ នេះចំនួនភ្ញៀវ​ហក់ឡើងខ្ពស់។លោកបានបញ្ជាក់ថា២ខែដើមឆ្នាំទេសចរជាតិ អន្តរជាតិជិត៤សែននាក់បានធ្វើដំណើរមកសម្រាក លម្ហែ​ក្នុងនោះ​ភ្ញៀវបរទេសប្រមាណ២៤ ០០០នាក់។

ដោយមានការលើកទឹកចិត្ត និងជំរុញពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ពិសេសក្រោមការខិតខំប្រឹងប្រែង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យ​ខេត្ត​កំពតប្រែប្រួលមុខមាត់ថ្មី ល្បីល្បាញនិងក្លាយជាខេត្តគោលដៅ ទេសចរណ៍ទី២របស់កម្ពុជា ដែលមានទេសចរច្រើនជាងគេ  បន្ទាប់​ពីខេត្តសៀមរាប។

បើតាមការគូសបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ខេត្តតំបន់ឆ្នេរមួយនេះពុំត្រឹមតែជាខេត្តគោលដៅទេសចរ ចម្រុះប៉ុណ្ណោះទេ តែសេវាស្នាក់នៅក៏មានភាពសម្បូរបែប និងស្អាតៗទាក់ទាញ ខុសប្លែកពីខេត្តដទៃដែរ ពិសេស រីសត បឹងហ្គាឡូ និងផ្ទះលំហែតាមដងព្រែក រួមទាំងសកម្មភាពកីឡា​លើទឹកជាច្រើនទៀតផង។នេះជាដែកឆក់ទេសចររបស់​ខេត្ត​កំពត៕
អត្ថបទនិងរូបភាព៖ សិលា សារិន

ads banner