លោក Trump ថា អ៊ុយក្រែននៅតែចាញ់សង្រ្គាមរុស្ស៊ី ទោះអាមេរិកគាំទ្រពេញទំហឹងក៏ដោយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនមិនអាចឈ្នះក្នុងសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ីឡើយ បើទោះមាន ឬគ្មានការគាំទ្ររបស់អាមេរិក និងថា ជម្លោះនេះនឹងមិនអាចកើតឡើងឡើយ បើលោកឈ្នះការបោះឆ្នោតឆ្នាំ២០២០។
ការអះអាងបែបនេះរបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងនៅមុនជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្អែកនេះ ហើយបន្ទាប់ពីអាមរិកផ្តាច់ជំនួយយោធា និងឈប់ចែករំលែកការស៊ើបការណ៍សម្ងាត់ពីរុស្ស៊ីដល់អ៊ុយក្រែន។
ជំនួបរវាងមន្រ្តីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Jeddah នៃទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១១ ខែមីនាស្អែកនេះ ត្រូវបានរំពឹងថា នឹងជជែកពីកិច្ចចរចាសន្តិភាព កិច្ចព្រមព្រៀងរ៉ែ និងប្រធានបទផ្សេងទៀត ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។
ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv independent នៅក្នុងកិច្ចសម្ភាសនេះ លោក ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតី ហ្សេលេនស្គី ពីការមិនដឹងគុណចំពោះជំនួយរបស់អាមេរិក និងថា គ្មាននរណាតឹងរ៉ឹងលើរុស្ស៊ីជាងរូបលោកឡើយ។
លោក Trump មិនបាននិយាយដោយផ្ទាល់អំពីការសម្រេចចិត្តរបស់គាត់ក្នុងការបង្កកជំនួយយោធានោះទេ ហើយក៏មិនបាននិយាយថានៅពេលណា ឬស្ថិតក្រោមលក្ខខណ្ឌអ្វីដែលសហរដ្ឋអាមេរិកអាចបន្តការដឹកជញ្ជូនអាវុធឡើងវិញ។
ជាមួយគ្នានេះ លោក ត្រាំ មិនបានលើកឡើងថាតើអាមេរិកនឹងផ្តល់ជំនួយយោធាឡើងវិញទៅអ៊ុយក្រែននៅពេលណា ហើយក៏មិនបាននិយាយថាតើនៅពេលណា ឬស្ថិតក្រោមលក្ខខណ្ឌអ្វីដែលសហរដ្ឋអាមេរិកអាចបន្តការដឹកជញ្ជូនអាវុធឡើងវិញដែរ។
បើតាមសារព័ត៌មាន NBC News នៅពេលកិច្ចចរចាចាប់ផ្តើមឡើងវិញ លោក ត្រាំ នឹងមិនផ្អាកជំនួយយោធាទៀតទេ បើទោះបីជាកិច្ចព្រមព្រៀងនេះឈានដល់ឬអត់។ តែមន្រ្តីជាន់ខ្ពស់អាមេរិកនិយាយថា លោក ត្រាំ ចង់ឃើញការផ្លាស់ប្តូរគោលជំហររបស់លោក ហ្សេលេនស្គី ឆ្ពោះទៅរកកិច្ចចរចាសន្តិភាព និងឆន្ទៈលះបង់ទឹកដីដល់រុស្ស៊ី៕
ប្រភព ៖ New York Post និង Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

