ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញបង្កើនប្រសិទ្ធភាពអនុវត្ត​ការ​ងារ​​កាន់​តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារសាធារណៈ ​រាជ​ធានី ខេត្ត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ថ្នាក់​ដឹក​នាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងថា សន្និ​បា​ត​ប្រចាំឆ្នាំរបស់ក្រសួងខាងមុខនេះ នឹងមានការយកចិត្តទុកដាក់​បន្ថែមលើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រ​សិទ្ធ​ភាព​​អនុវត្តការងារកាន់តែប្រសើរ រវាងក្រសួង និងមន្ទីរមុខងារ​សាធារណៈរាជធានី ខេត្ត ។

ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាថារណៈ បាន​រំលេច​ពីដំណើរការរៀបចំការងារឆ្ពោះទៅកាន់សន្និបាត​បូក​សរុបការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា “សម្រាប់​សន្និបាត​ឆ្នាំនេះ នឹងមានការយកចិត្តទុកដាក់​ជាផ្នែកធំ​មួយ​ទៅលើ ការរៀបចំរបៀបរបបការងារ និងយន្តការការងារ​រវាងក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈ​ទូទាំងប្រទេស ជាពិសេស ធ្វើយ៉ាងណាឱ្យមានការសហការ​គ្នាកាន់តែល្អប្រសើរបន្ថែមទៀត ដែលធ្វើឱ្យមន្ទីរមុខងារសា​ធារណៈ ក្លាយជាសេនាធិការដ៏ល្អ ជូនដល់ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យ​​មុខងារសាធារណៈ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងការកែ​ទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការ​កោតរសើរដល់ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដែល​បានខិតខំអនុវត្តការងារវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់​រដ្ឋបាលសាធារណៈ និងការអនុវត្តកិច្ចការងារស្នូលប្រចាំ​ថ្ងៃ​ក្នុង​ការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញ​តាម​តម្រូវការ បានយ៉ាងល្អប្រសើរ និងប្រកបដោយការទទួល​ខុស​ត្រូវខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម​ថា “មន្ទីរមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់ក្រសួងមុខងារសាធារណៈ ត្រូវ​យ​ល់ និងក្តាប់ឱ្យជាប់ច្បាស់ ពីគោលជំហរ និងគម្រោង ព្រម​ទាំង​កិច្ចការងារផ្សេងៗ របស់ក្រសួង ដើម្បីឱ្យមានសំលេង​តែ​មួយ ភាសាតែមួយ ក្នុងក្របខណ្ឌនៃក្រសួងមុខងារសាធារណៈ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner