មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សមាជមហាជនដែលបង្កើតឡើងដោយជនក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានអះអាងថា សមាជមហាជនដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងតែមួយគត់ចង់ធ្វើយ៉ាងណាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ ទាំងសកម្មភាពនិងសំដីរបស់ទណ្ឌិតក្បត់ជាតិ ក៏ដូចជាក្រុមបក្ខពួករបស់ខ្លួន គឺបានបង្កប់នូវអត្ថន័យហិង្សាសកម្ម បង្កប់នៅរូបភាពហិង្សាសកម្ម ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាកំចាត់និងថ្កោលទោសឱ្យខានតែបាន។
លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានថ្លែងថា ផែនការសកម្មភាព ពាក្យសំដី របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានធ្វើការបង្ហោះនៅលើបណ្តាញសង្គម គឺហាក់បីដូចជាបង្កើតចលនាខុសច្បាប់ ហើយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមិនដែលទទួលស្គាល់នូវអ្វីដែលជាសន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។ សីលវិធីរបស់ជនក្បត់ជាតិរូបនេះ គឺមិនមែនជាលើកទី១ ទី២ នោះទេ គឺកើតមានជាយូរមកហើយ គឺតែងតែបំផុសគោលនយោបាយ សកម្មភាព រូបភាព ពាក្យសំដីដែលមានចរិកញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ។ ដូចបានដឹងហើយថា ប្រជាពលរដ្ឋទាំងមូល គឺរួបរួមគ្នា និងបានអំពាវនាវដល់បណ្តាស្ថាប័នជាតិ និងអន្តរជាតិឱ្យពិនិត្យក្នុងការតាក់តែងច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គឺជាក្រុមភេរវករដែលមានចរិតជាភេរវកម្ម។

លោក ហេង សំណាង បានបន្តទៀតថា ក្នុងនាមជាយុវជន ក៏ដូចជាអ្នកដែលធ្វើកិច្ចការការងារឆ្លើយតបប្រតិកម្មរហ័សចំពោះក្រុមប្រឆាំង គឺនៅតែបន្តថ្កោលទោសទៅដល់ក្រុមទណ្ឌិតក្បត់ជាតិ ដែលមានបុគ្គល សម រង្ស៊ី ជាមេក្លោង ក៏ដូចជាសំណូមពរដល់ស្ថាប័នជាតិ និងអន្តរជាតិឱ្យពិនិត្យមើលឲ្យបានល្អិតល្អន់ចាត់ទុកក្រុមប្រឆាំងទាំងនោះ គឺជាក្រុមភេរវករ ដើម្បីបង្ការកុំឱ្យមានចលនាមហារីក អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ សិស្សិ និស្សិត និងអតីតអ្នកគាំទ្រគណបក្សប្រឆាំងចូលរួមបំផុសបំផុលចលនាវាយបត្រឡប់ទៅវិញដើម្បីបង្ក្រាបព័ត៌មានមិនពិតរបស់ក្រុមទណ្ឌិតក្បត់ជាតិ និងបានថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ពីព្រោះសន្តិភាព និងការអភិវឌ្ឍ គឺពិបាករកណាស់ និងមិនបណ្តែតបណ្តោយឱ្យក្រុមប្រឆាំងធ្វើអ្វីតាមតែអំពើចិត្តដើម្បីបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ៕
ដោយ៖ពលជ័យ