ចិនសម្រុកទិញមាសទុក ៤ខែជាប់ៗគ្នា កើនឡើងជាង ២.៥០០ តោន

ប៉េកាំង ៖ ទុនបម្រុងមាសរបស់ប្រទេសចិន បានហក់ឡើងដល់ ២,៥២៣ តោន គិតត្រឹមចុងខែកុម្ភៈ ពោលគឺកើនឡើងពី ២,៥១៩ តោន នៅចុងខែមករា ស្របពេលដែលធនាគារកណ្តាលចិន បានបន្តទិញលោហៈធាតុដ៏មានតម្លៃនេះស្តុកទុក ក្នុងរយៈពេល ៤ខែជាប់ៗគ្នា។

ទិន្នន័យពីធនាគារកណ្តាលចិននាពេលថ្មីៗនេះ បានឱ្យដឹងថា ទុនបម្រុងមាសរបស់ចិនមានតម្លៃរហូតដល់ ២០៨.៦៤ ពាន់លានដុល្លារ គិតត្រឹមចុងខែកុម្ភៈ ខណៈដែលតួលេខនេះ កើនឡើងពីតម្លៃ ២០៦.៥៣ ពាន់លានដុល្លារ កាលពីចុងខែមករា។

លោក Frank Watson អ្នកវិភាគទីផ្សារនៅ Kinesis Money បានមើលឃើញថា ការទិញមាសស្តុកទុកដោយធនាគារកណ្តាលចិន និងធនាគារកណ្តាលផ្សេងទៀត គឺជាកត្តាសំខាន់សម្រាប់ការជំរុញតម្លៃមាសក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ហើយកត្តាផ្សេងទៀត ដូចជាអតិផរណា អត្រាការប្រាក់ ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ និងការចាប់អារម្មណ៍របស់វិនិយោគិន នឹងបន្តបង្កើនតម្លៃមាសផងដែរ។

តួយ៉ាង ការព្រួយបារម្ភទាក់ទិននឹងការដាក់ពន្ធនាំចូលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណា បូករួមជាមួយនឹងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ បានជំរុញឱ្យតម្លៃមាសឡើងដល់កម្រិតខ្ពស់បំផុត កាលពីខែកុម្ភៈ ឆ្នាំ២០២៥។

បើផ្អែកតាមរបាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បណ្តាធនាគារកណ្តាលពិភពលោក ដែលជាប្រភពដ៏សំខាន់នៃតម្រូវការមាស បានសម្រុកទិញមាសបម្រុងទុកច្រើនជាង ១ពាន់តោន សម្រាប់ឆ្នាំទី ៣ជាប់ៗគ្នា គិតត្រឹមឆ្នាំ ២០២៤ ហើយត្រូវបានរំពឹងថា នឹងនៅតែជាអ្នកទិញដ៏សកម្មសម្រាប់ឆ្នាំ ២០២៥នេះ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner