ឯកឧត្តម វ៉ាត់ ចំរើន ជួបជាមួយគ្រូឧទ្ទេស​វិទ្យាស្ថាន​ជាតិអប់រំ​កាយ​និងកីឡា ដើម្បីពង្រឹងយន្តការប្រសិទ្ធ​ភាពការងារ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ​យុវជន​និងកីឡា នាល្ងាចថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៥ បាន​ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដើម្បីពិនិត្យពង្រឹងយន្តការងារឆ្ពោះ​ទៅរកប្រសិទ្ធភាពលទ្ធផលឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បាន​ពន្យ​ល់​​ថា នេះជាការជួបជុំមួយដើម្បីពិនិត្យទៅលើយន្តការងារ និង​ការរំពឹងទុកសម្រាប់លទ្ធផលការងារឆ្នាំ២០២៥ ហើយក៏ជាឆ្នាំ​ដែលក្រសួងត្រូវពង្រឹងបន្ថែមទៀតលើការងារគ្រប់គ្រងដឹកនាំលើការធ្វើអភិបាលកិច្ចល្អក្នុងការដឹកនាំគ្រប់អង្គភាពស្ថាប័នទាំងអស់ស្ថិតក្រោមចំណុះរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បី​ជំ​រុញការអភិវឌ្ឍន៍អង្គភាព និងស្ថាប័នក្រោមចំណុះទាំង​អស់​នោះ ឈានឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ​ឆ្នាំ២០៥០​យុទ្ធ​សាស្រ្តបញ្ចកោណរបស់រាជរដ្ឋភិបាលក្នុងដំណាក់កាលទី១។

ឯកឧត្តម រដ្ឋលេខាធិការ បានរំលេចទៀតថា ការជួបជុំ​នា​ពេលនេះ យើងបានពិនិត្យមើលនូវផែនការសកម្មភាពនិង និតិវិធីការងារទាំងអស់របស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាដែលកំពុងដំណើរការយ៉ាងល្អប្រសើរ ដើម្បីយើងបន្ថែមការ​កែ​សម្រួលឱ្យកាន់តែមានគុណតម្លៃនិងប្រសិទ្ធភាពការងារកាន់តែខ្ពស់ ដោយមានការពង្រីកខ្លួនទៅមជ្ឈដ្ឋានខាងក្រៅកាន់​តែ​មានឥទ្ធិពល មានការទទួលស្គាល់កាន់តែទូលំទូលាយ។

ឯកឧត្តម បន្ថែមទៀតថា ក្នុងឆ្នាំ២០២៥នេះ​ដែរ អង្គភាព​ពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាមួយដើម្បីជជែក​ដេញដោល​ស្វែងរកវឌ្ឍនភាពនៃវិស័យកីឡាឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ ព្រោះមានកិច្ចការច្រើនដែលត្រូវរៀនសូត្រ និងពង្រឹង​ឡើងវិញ។ ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា អ្នកកំពុងសិក្សានៅទីនេះនឹងក្លាយ​ទៅ​ជាធនធានដ៏ល្អដើម្បីចូលរួមបម្រើការងារ​នៅតាមគ្រឹះស្ថាន​សិក្សានានា។ ដូច្នេះអ្វីដែលត្រូវបានយកចិត្តទុកដាក់ជាង​គេគឺ​លើប្រសិទ្ធភាពគ្រប់គ្រងដឹកនាំ ការជំរុញទឹកចិត្ត ការសិក្សា​ស្រាវ​ជ្រាវ ការរៀន និងបង្រៀន។ឯកឧត្ដមទទូចដែរថា នៅវិទ្យា​ស្ថានជាតិអប់រំកាយ និងកីឡា មិនមែនផ្ដោតតែលើការរៀន និង​បង្រៀននោះប៉ុណ្ណោះទេ គឺលើការបង្ហាត់ និងហាត់ផងដែរ។ ហេតុដូចនេះ អ្វីដែលជំរុញឱ្យមានការរីកចម្រើននៅទីនេះបាន គឺត្រូវមានអភិបាលកិច្ចល្អ និងសាមគ្គីភាពផ្ទៃក្នុងល្អ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner