សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ
(ភ្នំពេញ)៖ ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ គឺបរិមាណ និងគុណភាព ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងធនធានមនុស្សនៅកម្ពុជា គឺគិតលើកត្ដាពីរ គឺបរិមាណ និងគុណភាព។ ទាក់ទងនឹងបរិមាណនេះ គឺយើងត្រូវបើក និងជំរុញឱ្យបានច្រើន។ ក្នុងន័យនេះ គឺយើងត្រូវគិតទៅលើលទ្ធភាពដែលប្រជាពលរដ្ឋខ្មែរអាចរៀនបានតាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្ដម នៅគ្រប់ទីកន្លែងដែលយើងអាចរុញទៅបាន។
សម្ដេច សង្កត់ធ្ងន់ថា បរិមាណ គឺជាការបើកឱកាស ឱ្យបានច្រើនដល់ប្រជាពលរដ្ឋ ដោយរឿងពីរដែលយើងត្រូវធ្វើ ទី១-គឺរុញកសាងសាលារដ្ឋនៅទីសាធារណៈឱ្យបានច្រើន, ទី២-គឺបើកឱកាសឱ្យវិនិយោគិនចូលចូលរួម ។
សម្តេចបវរធិបតី បន្ដថា សម្រាប់ការបង្កើតនូវគុណភាព ក៏ត្រូវគិតទៅលើកត្ដាពីរ គឺ ទី១-កម្រិតថ្នាក់រៀនដែលមាននៅមូលដ្ឋាន។ ប្រសិនបើសាលារៀន មានត្រឹមតែថ្នាក់អនុវិទ្យាល័យ នោះធនធានមនុស្សរបស់យើង គឺរៀនបានត្រឹមតែថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើយើងមានដល់ថ្នាក់វិទ្យាល័យ នោះធនធានមនុស្សរបស់យើង នឹងរៀនដល់ថ្នាក់ទី១២ ហើយប្រសិនបើមានដល់សាកលវិទ្យាល័យទៀត ពិតប្រាកដណាស់ នឹងមានអ្នកចូលរួមបន្ថែម, ទី២-ពាក់ពន្ធនឹងការពង្រឹងកម្មវិធីសិក្សា គុណភាពគ្រូ វិធីសាស្រ្ដបង្រៀន និងការបំពាក់ឧបករណ៍ជំនួយដល់ការសិក្សាផ្សេងៗទៀត ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ឃើញថា កន្លងមក គឺការបង្រៀនមានភាពច្នៃប្រឌិតច្រើន ដោយសាលារៀន បានបង្កើតកម្មវិធីសិក្សាមានភាពប្រទាក់ក្រឡាគ្នា បែងចែកគ្រូ ដែលជាធនធានមនុស្ស មានជំនាញច្បាស់លាស់លើមុខវិជ្ជានីមួយៗនោះ ។ ដូច្នេះត្រូវបង្កើតការធានា និងការជំរុញគុណភាព កែសម្រួល និងធ្វើទំនើបកម្មឯកសារ និងនីតិវិធីក្នុងការបង្រៀន ទាំងរដ្ឋនិងឯកជន ទើបការងារនេះអាចទទួលបានជោគជ័យ ។
សម្តេចបវរធិបតី ក៏បានលើកឡើងពីការខិតខំកសាងសមត្ថភាព ការកសាងជីវភាព និងកសាងសេដ្ឋកិច្ចផ្ទាល់របស់ពលរដ្ឋម្នាក់ៗ គឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ និងការពារជាតិ ។ សម្តេច ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចបង្កើតឱកាសទីផ្សារ បង្កើតឱកាសការងារ ជម្រុញកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល មិនអាចទៅរៀនជំនូស ឬធ្វើការជំនួសយុវជននោះឡើយ ពីព្រោះយុវជន មានកាតព្វកិច្ចទៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងខិតខំចាប់យកឱកាស ដែលរាជរដ្ឋាភិបាល ខិតខំបង្កើតជូនដល់យុវជន ។
ទន្ទឹមនោះផងដែរ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ខ្ញុំនៅតែលើកជានិច្ចនូវគំនិតដ៏ត្រឹមត្រូវថា ប្រទេសរបស់អ្នកបានផ្តល់អ្វីខ្លះដល់អ្នក? តែត្រូវសួរវិញថា តើអ្នកបានធ្វើអ្វីខ្លះ ដល់ប្រទេសរបស់អ្នក? នេះ គឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយះការចូលរួមដោយលក្ខណះស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន ៕



អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ