សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង
(ភ្នំពេញ)៖ ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ហើយការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។
សម្ដេចបវរធិបតី មានប្រសាសន៍ថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែមានមូលធនមនុស្សខ្លាំង ប្រទេសមួយអាចមានអារ្យធម៌រុងរឿងបាន ទាល់តែមានមូលធនមនុស្សពូកែ ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា បើសិនជាប្រទេសជាតិយើង រវល់តែឈ្លោះគ្នា ទាំងផ្ទៃក្នុង និងជាមួយប្រទេសជិតខាងនោះ យើងច្បាស់ជាមិនមានពេលវេលាក្នុងកសាងប្រទេសជាតិឱ្យរីកចម្រើនបានទេ ហើយលើសពីនេះ យើងនឹងត្រូវខាតបង់ធនធានគ្រប់បែបយ៉ាងដើម្បីគាំទ្រដល់ការប្រយុទ្ធគ្នានោះទៀតផង ។
សម្តេច បានថ្លែងដោយសង្កត់ធ្ងន់ថា ដោយសារប្រទេសជាតិយើង គ្មានជម្លោះនេះហើយ ទើបយើងមានឱកាស និងពេលវេលា ដើម្បីអភិវឌ្ឍប្រទេសជាតិ រួមទាំងអភិវឌ្ឍធនធានមនុស្សថែមទៀតផង ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។
សម្តេចបវរធិបតី លើកទឹកចិត្តដល់ការអានសៀវភៅ ដោយជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ខិតខំបង្កលក្ខណៈដល់កូនៗរបស់ខ្លួនក្នុងការអានសៀវភៅ ហើយសូមក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញកម្មវិធីពាក់ព័ន្ធនឹងការអានឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេច បានកោតសរសើរដល់យុវជនដែលបានរៀបចំបណ្ណាល័យចល័ត លើកកម្ពស់ការអានទៅដល់មូលដ្ឋាន និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំសកម្មភាពសិក្សា និងការអានសៀវភៅ ឱ្យកាន់តែច្រើនបន្ថែមទៀត។
សម្តេចបវរធិបតី ក៏បានគូសរំលេចបន្ថែមថា ការរៀននៅសាលាគឺទទួលបានសញ្ញាបត្រ តែការចេញទៅធ្វើការគឺទទួលបានសញ្ញាឃើញ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្របន្ថែម និងត្រូវរៀនពេញមួយជីវិត។ សញ្ញាបត្រជួយបើកទ្វារឱ្យយើងចូលទៅកន្លែងធ្វើការ តែសញ្ញាឃើញគឺជួយឱ្យយើងឡើងជណ្តើរម្តងមួយកាំៗ និងរីកចម្រើនទៅមុខទៀត តាមរយៈការរៀនមិនឈប់ឈរ និងការរៀនពីគ្រប់មនុស្សនៅជុំវិញខ្លួនយើង ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ