សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការជ្រើសរើសគ្រូបង្រៀន នៅតំបន់ខ្វះខាត ត្រូវវាយតម្លៃឱ្យបានច្បាស់លាស់
(ភ្នំពេញ)៖ ការជ្រើស រើសគ្រូ បង្រៀនមធ្យមសិក្សានៅតំបន់ខ្វះខាត ត្រូវវាយតម្លៃឱ្យបានច្បាស់លាល់ និងត្រូវជំនាញ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ និងសំណេះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ ៤២៦នាក់ មកពីរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅពេលមានការខ្វះខាតគ្រូបង្រៀន និងបញ្ហាចំពោះមុខ នោះត្រូវជ្រើសរើសគ្រូបង្រៀនមកបង្រៀនរួមទាំងគ្រូដែលចូលនិវត្តន៍ផងដោយមានកុងត្រា។ សម្តេច ថា នៅពេលមានបញ្ជាហើយ ត្រូវដោះស្រាយក្នុងរយៈពេលខ្លី គឺត្រូវបើកច្រកក្នុងការរើសគ្រូ កុងត្រានៅនឹងកន្លែង រួមទាំងគ្រូដែលចូលនិវត្តន៍ ដើម្បីគាត់បានបន្តបង្រៀន ។ រឿងនេះ មិនមែនរឿងថ្មីទេ កន្លងមក ក៏មានអាណាព្យាបាល ម្តាយឪពុក បានអញ្ជើញអ្នកគ្រូ លោកគ្រូ មកបង្រៀន វិញ ។

សម្តេចធិបតីបានលើកឡើងថា សម្តេចបានប្រកាសទទួលយកការព្រួយបារម្ភ ចំពោះការជ្រើសរើសគ្រូបង្រៀនតាមរយៈកុងត្រា ប៉ុន្តែផ្អែកលើតថភាពជាក់ស្តែង ត្រូវធ្វើការច្នៃប្រឌិត ក្នុងការបើកច្រកដោយមានភាពបត់បែន។ ជាមួយគ្នានេះ តាមអនុក្រឹត្យឆ្នាំ២០១៤ មានការនិយាយពីការបំពេញបន្ថែម ចំពោះគ្រូបង្រៀនថ្នាក់មតេ្ដយ្យ និងបឋមសិក្សា ប៉ុន្តែចំពោះថ្នាក់គ្រូមធ្យមសិក្សា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ។

សម្តេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ខ្ញុំសូមគោលការណ៍ឱ្យច្បាស់ ហើយដាក់គោលការណ៍ជាថ្មី គឺត្រូវបំពេញគ្រូបង្រៀននៅកន្លែងខ្វះពិតប្រាកដ ហើយមានការវាយតម្លៃពិតប្រាកដលើជំនាញពិតប្រាកដ ។ បើខ្វះគ្រូជីវៈ ហើយលើសគ្រូគណិត មិនត្រូវទុកគ្រូគណិតទេ គឺត្រូវទុកគ្រូជីវៈបង្រៀន ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការជ្រើសរើសគ្រូបង្រៀន ត្រូវគិតពីសុខភាព និងសកម្មនឹងការងារ ដោយមិនត្រូវគិតពីមនោសញ្ចេតនានោះទេ ក្នុងនោះដែរ គ្រូកុងត្រា គឺសិទ្ធិ និងការទទួលខុសត្រូវ មិនដូចគ្រូក្របខ័ណ្ឌ ឬក្នុងប្រអប់នោះទេ ។ សម្តេច ថា នៅពេលសម្តេចចុះទៅតាមតំបន់ជនបទ មានការលំបាកបំផុត គឺការខ្វះគ្រូបង្រៀននៅថ្នាក់វិទ្យាល័យនៅតាមមូលដ្ឋាន ដែលមានការពិបាកក្នុងការបំពេញបន្ថែម គឺជាការពិបាកក្នុងការទទួលខុសត្រូវចំពោះសិស្សក្មេងៗ។
សម្តេចបវរធិបតី បានស្នើក្រសួងអប់រំ ត្រូវតែខិតខំគិតគូរក្នុងការទទួលខុសត្រូវ ចំពោះសិស្សានុសិស្ស ចំពោះការខ្វះគ្រូបង្រៀន ព្រោះពួកគេជាធនធានសំខាន់ ។ សម្តេចនាយករដ្ឋមន្រ្ដី ក៏សូមឱ្យមានការយោគយល់ ចំពោះការគិតគូរដាក់គ្រូបង្រៀន នៅតំបន់ខ្វះខាត ព្រោះថា អ្វីដែលសម្តេចគិតនេះ គឺផ្អែកមើលមូលដ្ឋាននិយម មិនមែនផ្អែកលើទ្រឹស្តី ឬមានការលើកយោយល់នោះទេ។ តាមការចុះទៅដល់ជាក់ស្តែងតាំងពីនៅមេទ័ពជើងគោក សម្តេច បានអះអាងថា នៅកន្លែងខ្លះមានអគារសិក្សា ប៉ុន្តែខ្វះគ្រូបង្រៀន ហើយកន្លែងខ្លះមានគ្រូ តែខ្វះអគារសិក្សាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
