ក្រសួងយុត្តិធម៌ ធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំនៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ក្រសួងយុត្តិធម៌រៀបចំ “សន្និបាតបូកសរុបលទ្ធផលការ​ងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅ​ការងារ​​ជា​អាទិភាពឆ្នាំ២០២៥” រយៈពេល ២ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី១២ វេលាម៉ោង ២:០០នាទីរសៀលដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅ​សណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។នេះបើយោងតាមសេច​ក្តី​ជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី១១ ខែមីនា ។

សេចក្តីជូនដំណឹងបានប្រាប់ថា សន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោម​អធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹក​នាំនៃសាលា​ជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់​ថ្នាក់នៅទូទាំងប្រទេសប្រមាណ ៣៥០ នាក់។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ដែល​សម្រេច​​បាន​ក្នុងឆ្នាំ២០២៤, ពិនិត្យនិងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពសម្រាប់ឆ្នាំ២០២៥ ដើម្បីលើក​កម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកែទម្រង់ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជាស្របតាមគោលនយោបាយ និងទិសដៅ​យុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបន្តថាបន្ទាប់ពីសន្និបាតនេះត្រូវបានបិទបញ្ចប់, អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ខែមីនា វេលាម៉ោង ៥ ល្ងាច នៅទីតាំងខាងលើ ដើម្បីបង្ហាញអំពីលទ្ធផលនៃសន្និបាត៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner