ទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា ប្តេជ្ញាកៀរគរ ការវិនិយោគថៃមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត
(ភ្នំពេញ)៖ ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា បានប្តេជ្ញាបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាពង្រឹងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេស ការគៀងគរការវិនិយោគរបស់ថៃ មកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ។

ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។
សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃ កាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈឯកអគ្គរាជទូតថ្មីនៅពេលនេះនឹងធ្វើឲ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។

ឯកឧត្តម ទុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃបានសំដែង ការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំង ពីឯកឧត្តម ក្នុងឋានៈសម្ដេច ជាប្រមុខរដ្ឋស្ដីទី ។ ឯកឧត្តម ក៏បាននាំយក នូវការសួរសុខទុក្ខអំពី ព្រះមហាក្សត្រថៃ ចំពោះសម្ដេចតេជោផងដែរ ។

ក្នុងឆ្នាំ២០២៥ នេះ ជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ ក៏បានរំលឹកអំពីការរៀបចំសកម្មភាពនានា រវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅ ដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ជាពិសេស សម្ដេចតេជោ ក៏បានរំលឹកអំពីព្រឹត្តិការណ៍ នៃការរៀបចំបាល់ទាត់មិត្តភាព ដែលធ្វើឡើង កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាព ការពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងប្រទេសទាំង២ ក្នុងក្របខ័ណ្ឌគ្រប់វិស័យ ។
ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានលើកឡើង អំពីទំហំពាណិជ្ជកម្មផងដែរ ដោយពេញចិត្តចំពោះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត ១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលយើងមាន៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពី ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នា នៃទំនាក់ទំនងនយោបាយ រវាងភាគីទាំងពីរ ក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះ នាយករដ្ឋមន្ត្រីថៃ នឹងបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឱកាសខួប ៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ជាមួយគ្នានោះ សម្ដេចតេជោ បានសម្ដែងនូវភាពរីករាយ ចំពោះកំណើនទេសចរណ៍ រវាងប្រទេសទាំងពីរ ដែលក្នុងនោះ កំណើតភ្ញៀវទេសចរណ៍ថៃ មកកាន់ប្រទេសកម្ពុជា មានការកើនឡើងដែលឆ្នាំ២០២៤ មានរហូតដល់ ២លាននាក់ ឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជា ទៅប្រទេសថៃវិញគឺ ប្រមាណ ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះ បង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ ។
សម្ដេចតេជោប្រមុខរដ្ឋទី ក៏បានផ្ដាំសួរសុខទុក្ខថ្វាយចំពោះព្រះមហាក្សត្រថៃផងដែរ តាមរយៈឯកឧត្តមឯកអគ្គរាជទូតថៃ នៅពេលនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម ធុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា សូមឱ្យបំពេញការងារជាបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
