ទូតសឹង្ហបុរី ប្រកាសធ្វើជាសាក្សីលើការរីកចម្រើន របស់ កម្ពុជា
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានប្រកាសធ្វើជាសាក្សី លើការរីកសម្រើនរបស់កម្ពុជា និងចង់ឃើញ នូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា៖ ការសម្ពោធព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា ។

លោកជំទាវ ទេវ ឡេឈេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ជាថ្មីម្ដងទៀត ដែលជួបលើកទី១ គឺកាលពីឆ្នាំ២០២១ ក្នុងឋានៈសម្ដេច ជានាយករដ្ឋមន្ត្រី ។ សម្ដេចតេជោ បានរំលេចអំពីបញ្ហាមួយចំនួន ដែលកើតឡើង នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេស បញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលកើតឡើង ក្នុងពេលបច្ចុប្បន្ននេះ ដែលទាមទារឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកម្ពុជា និងសិង្ហបុរី ។

សម្ដេចតេជោបានបន្តថា កន្លងមក យើងមើលទៅលើទីផ្សារឆ្ងាយពេក ក៏មានការពិបាក ដូច្នេះ យើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិត នៅភូមិផងរបងជាមួយគ្នា ជាពិសេស ប្រទេសក្នុងតំបន់អាស៊ាន ។ សម្ដេចតេជោ ចង់ឱ្យកម្ពុជា ក៏ដូចសិង្ហបុរី សម្លឹងមើលក្នុងក្របខណ្ឌអាស៊ាន ព្រោះក្នុងក្របខណ្ឌនេះ យើងមានប្រជាជនរហូតដល់ ៦០០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ ដែលយើង គួរតែយកចិត្តទុកដាក់ដែលអំណោយផល សម្រាប់ការធ្វើពាណិជ្ជកម្ម ។

សម្ដេចតេជោ រំពឹងថា តាមរយៈជំនួបទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរី ដែលរហូតមកដល់ពេលនេះ យើងមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។សម្ដេចតេជោ ក៏បានជំរុញឱ្យពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី កាន់តែកើនឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានខ្ទង់ជាង ១ពាន់លានដុល្លារ ហើយសង្ឃឹមថា តាមរយៈឱកាសខួប ៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀត នៅពេលខាងមុខ ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីជើងហោះហើរត្រង់ រវាងកម្ពុជា និងសិង្ហបុរី ដែលមានកំណើន គួរឲ្យកត់សម្គាល់ ហើយសម្ដេច ចង់ឃើញការហោះហើរត្រង់ ឱ្យកាន់ច្រើនបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ។
លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងពេលដែលលោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរី នៅកម្ពុជា ទាំងពេលកន្លងមក និងពេលខាងមុខ ។
លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេស ក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវ មានប្រសាសន៍ថា សម្ដេចតេជោ គឺជារដ្ឋបុរស របស់ប្រជាជនកម្ពុជា និងជាមេដឹកនាំ ដោយមានគតិបណ្ឌិតជាច្រើន ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ។
ជាមួយគ្នានោះ លោកជំទាវ ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំបន្តវេននាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាន នូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់។ លោកជំទាវ សង្ឃឹមថា ក្នុងអាណត្តិ លោកជំទាវនៅពេលនេះ លោកជំទាវ ចង់ឃើញ នូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ៖ ការសម្ពោធ ព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀត របស់កម្ពុជា ។
ក្នុងឱកាសខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០២៦ ភាគីទាំងពីរ នឹងមានការរៀបចំប្រកួតប្រជែងធ្វើឡូហ្គោខួប៦០ឆ្នាំដើម្បីបង្ហាញមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី ។ លោកជំទាវ សង្ឃឹមថា ក្នុងខួប ៦០ឆ្នាំនេះទៀតសោត រំពឹងថា កិច្ចព្រមព្រៀងសំខាន់មួយ ទាក់ទងទៅនឹង កាបោនក្រេឌីត នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរ បានយកចិត្តទុកដាក់អំពី ការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ក៏បានស្វាគមន៍ និងរីករាយ ហើយសង្ឃឹមថា ភាគីទាំងពីរ នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីអបអរសាទរ ខួប ៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
