ព្រះមហាក្សត្រកម្ពុជា នឹងយាងបួងសួងចម្រើនសេចក្ដីសុខនៅ​ប្រាសាទ​អង្គរវត្តនាខែមេសាខាងមុខ

សៀមរាប៖សម្ដេចមហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័នពាក់​ព័ន្ធ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥​បាន​អញ្ជើញ​ចុះពិនិត្យ​ទីតាំងត្រៀមរៀបចំព្រះរាជពិធីបួង​សួង​ចម្រើនសេចក្ដីសុខ ជូនដល់ព្រះ​រាជាណាចក្រកម្ពុជាក្រោមព្រះ​រាជា​ធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីនេះ នឹងប្រារព្ធនៅ​ថ្ងៃទី១១-១២ ខែមេសានៅខាងមុខប្រាសាទអង្គរវត្ត ។

ក្នុងឱកាសចុះពិនិត្យ​ទីតាំងសម្រាប់​ប្រារព្ធពិធី សម្ដេចមហាមន្រ្ដី គុយ សុផល បានបញ្ជាក់ថា ការជ្រើសរើស​មុខ​ប្រាសាទអង្គរវត្តធ្វើជាទីតាំង​សម្រាប់​ប្រារព្ធ​ព្រះរាជពិធី ដោយសារតែទីតាំងនោះមានទំនាក់ទំនង​គ្នាយ៉ាងជិតស្និទ្ធរវាង​​កេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វ​បុរស​ខ្មែរ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការ​ប្រារព្ធ​ព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូន​ដល់ព្រះរាជាណា​ចក្រ​កម្ពុជា។ព្រះរាជពិធីនេះនឹងក្លាយជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយរបស់​កម្ពុជាថែមទៀតផង។

សូមជម្រាបថា តាមកម្មវិធីគ្រោងទុកព្រះរាជពិធីបួងសួងនឹងប្រារព្ធ​នៅថ្ងៃទី១១-១២ ខែមេសា​ ខណៈបុណ្យចូលឆ្នាំ
ថ្មីប្រពៃណី​​ជាតិ ឆ្នាំម្សាញ់នឹងចូល​មកដល់នៅថ្ងៃទី១៤ ខែមេសា ។

សម្ដេចមហាមន្រ្ដីមានប្រសាសន៍ថា ព្រះរាជពិធីនេះមិនត្រឹម​តែឆ្លុះ​បញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការ​គោរពដឹង​គុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរស​ខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ​បញ្ចាំង​ពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែង​តែប្រារព្ធធ្វើ​តាម​ស្រុកតាមភូមិនីមួយៗ។ ការប្រារព្ធ​ព្រះរាជពិធីនេះនៅប្រាសាទអង្គរវត្តក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់​ស្ថាបត្យកម្មខ្មែរបុរាណទៅ​កាន់ពិភព​លោក ក៏ដូច​ជា​ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនា​នៅប្រទេស​កម្ពុជាផងដែរ ។

ក្នុងឱកាសនេះដែរសម្តេចមហាមន្រ្តីបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ច​ទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេល​វេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕
  អត្ថបទ និងរូបភាព៖​ប៊ុន ​រដ្ឋា

ads banner