ជប៉ុនបរាជ័យក្នុងការបញ្ចុះបញ្ចូលអាមេរិក ឲ្យបញ្ឈប់ការតំឡើងពន្ធ
បរទេស៖ លោក Yoji Muto រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនបាននិយាយថា ជប៉ុនបានបរាជ័យ មិនអាចបញ្ចុះបញ្ចូលឲ្យអាមេរិកដកចេញនូវវិធានការតំឡើងពន្ធ បានទេ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ។
លោក Yoji Muto បានសារភាពថា ចុះចាញ់បែបនេះ បន្ទាប់ពីលោក បានជួបប្រជុំ ជាមួយមន្ត្រីសំខាន់ៗរបស់អាមេរិក នៅក្នុងទីក្រុង Washington DC។ អត្រាពន្ធថ្មី ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម របស់ជប៉ុន ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានកំណត់ឱ្យចូលជាធរមាន នៅថ្ងៃទី១២ ខែមីនា នេះបើយោងតាមបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខា ដោយប្រធានាធិបតី Donald Trump កាលពីខែមុន។
យ៉ាងណាមិញ លោក Yoji Muto បានអះអាងថា ភាគីទាំងពីរយល់ព្រម បន្តការពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធ និងដើម្បីធ្វើការពិភាក្សា ក្នុងកម្រិតណាមួយ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោក Muto បានបន្តថា នៅក្នុងកិច្ចពិភាក្សា ជាមួយភាគីអាមេរិក នាពេលនោះ លោកក៏បានពិភាក្សាអំពីការទិញឧស្ម័នធម្មជាតិរាវ របស់សហរដ្ឋអាមេរិក បន្ថែមទៀត, គម្រោងបំពង់បង្ហូរឧស្ម័ន នៅរដ្ឋអាឡាស្កា និងការដេញថ្លៃ របស់ក្រុមហ៊ុនជប៉ុន Nippon Steel ដើម្បីទិញដែកថែប របស់សហរដ្ឋអាមេរិក ផងដែរ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត