កម្ពុជារៀបចំបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួង ជាមួយភាគីពាក់ព័ន្ធនឹងរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេក្នុងប្រទេសកម្ពុជា។
បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាក្នុងការរៀបចំព្រឹត្តិការណ៍នេះដែរក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តតាកែវ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងផ្នែកឯកជនជាដើម។
ក្រសួងទេសចរណ៍បានលើកឡើងឱ្យដឹងបន្ថែមថា ក្នុងន័យដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរ ក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗដូចខាងក្រោម ៖
១. ការផ្សាយផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងការអុជកាំជ្រួចអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥
២. មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ពិព័រណ៍ពាណិជ្ជកម្ម ការតាំងផលិតផលកសិទេសចរណ៍ ផលិតផលក្នុងស្រុក និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា
៣. ការប្រកួតកីឡា និងការកម្សាន្តផ្សេងៗ៕
ដោយ ៖ ម៉ាដេប៉ូ
