សហជីព៖ គោលនយោបាយរាជរដ្ឋាភិបាលលើការ​សាងសង់​ទារកដ្ឋាន នៅតាមរោងចក្រ សហគ្រាស គឺជាឧត្តមប្រយោជន៍​សម្រាប់កម្មករនិយោជិត

(ភ្នំពេញ)៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រចំពោះ​រាជរដ្ឋា​ភិបាល ដែលយកចិត្តទុកដាក់លើយន្តការបង្កើត​ទារកដ្ឋាន​នៅ​តាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនឹងនេះ សហជីពវាយ​តម្លៃ​ខ្ពស់​លើការអនុវត្តជាក់ស្តែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលមាន​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជក​ដែលបានធ្វើការជាមួយគ្នារហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករជាបណ្តើរៗហើយនៅដើមឆ្នាំ២០២៥។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូស​បញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីពសូមស្វាគមន៍នូវ​យន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលនយោបាយដែលមានភាពច្បាស់លាស់លើការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រសហគ្រាស។

លោកវាយតម្លៃខ្ពស់ចំពោះការបានអនុវត្តជាក់ស្តែង ដោយ​រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ នាពេលថ្មីៗនេះ។

ប្រធានសហភាពការងារកម្ពុជារូបនេះបន្ថែមថា ក្នុងនាម​សហជីព​លើកទឹកចិត្តឱ្យទារកដ្ឋានទាំង​អស់បន្ត​ពង្រឹង​ការថែ​ទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាព​អំឡុងពេលទារកស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ និងតាមដានការ​អនុវត្ត​ឱ្យបានហ្មតចត់លើទារកដ្ឋានដែលដាក់ឱ្យដំណើរការ ដើម្បីកុំឱ្យ​មានការខ្វះចន្លោះលើកត្តាថែទាំណាមួយកើតឡើង ធ្វើឱ្យប៉ះ​ពាល់ទារក។

ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព​ចលនា​កម្មករ​កម្ពុជា បានបង្ហាញការគាំទ្រលើយន្តការរបស់​រាជរដ្ឋា​ភិ​បាល​ក្នុងការសាងសាងទារកដ្ឋាន និងបានលើកឡើងថា ការសាងសង់ទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស ក៏ដូចជាតំបន់រោងចក្រនោះគឺផ្តល់គុណប្រយោជន៍ជាច្រើន ជាពិសេសបងប្អូនកម្មករនិយោជិត។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជារូបនេះបន្ថែមថា ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតមានការវាយតម្លៃខ្ពស់លើការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រ សហ​គ្រាស នាពេលថ្មីៗនេះ ដើម្បីជាឧត្តមប្រយោជន៍ និងបង្កភាព​ងាយស្រួលដល់កម្មករនិយោជិត។ បងប្អូនកម្មករនិយោជិតនឹង​អាចចំណេញថវិកាមួយចំនួនពីការមើលថែទាំទារក, កម្មករអាច​ដាក់កូនរបស់ខ្លួនក្នុងទារកដ្ឋានដែលមានការថែទាំល្អ និង​សុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាន​រោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការសាងសង់ទារកដ្ឋាន​នេះ គឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាលអនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធ​ក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។

គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបាន​ការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយ​គាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែក​បញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណា​ព្យា​បាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារ​ដើម្បី​ទទួលបានប្រាក់ចំណូល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner