រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មានក្រុមហ៊ុនចំនួន ៧លួចបង្ហូរទឹក​កខ្វក់​ចូលក្នុងប្រភពទឹកស្អាត និង មានក្រុមហ៊ុនមួយកំពុង​ទទួល​រងបណ្តឹងនៅតុលាការ

(ភ្នំពេញ)៖ គិតរហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៧ហើយ ដែលក្រសួងបានរកឃើញថា គាត់លួចបង្ហូរទឹក​កខ្វក់មានសារជាតិពុល ចូលទៅក្នុងទឹកស្អាតរបស់យើង។ ក្រុមហ៊ុនទាំង៧នេះ ក្រសួងបានចាត់វិធានការតាមផ្លូវ​ច្បាប់​ហើយ និងក្នុងនេះក៏មានក្រុមហ៊ុន ១នៅក្រុងព្រះសីហនុ ក៏ត្រូវបានបញ្ជូនទៅតុលាការដែរ ដែលបច្ចុប្បន្ននេះ​កំពុង​ដំណើរការក្នុងតុលាការក្រមបរិស្ថានរបស់យើង។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​ប្រាប់​បណ្តាញ​សារព័ត៌មាន​នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោយបញ្ចប់ កិច្ចប្រជុំ​លើកទី២គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក នាសណ្ឋានគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖​”នៅក្នុង​ប្រទេ​សកម្ពុជា មានរោងចក្រជាង ១០០រោងចក្រ​ដែលសុទ្ធសឹង​រោងចក្រដែលមានលទ្ធភាពបង្ហូរសារធាតុពុលឬក៏មិនធ្វើអាងប្រព្រឹត្តកម្មទេ ទឹកដែលបង្ហូរចេញនាំមកក្នុងការ​បំពុលបរិស្ថាន​ជាពិ​សេសប្រភពទឹកស្អាតរបស់យើង ប៉ុន្តែរហូតមកទល់ពេលនេះ​មិន​មែនក្រុមហ៊ុនទាំងអស់នេះមិនល្អទេ គឺមាន​ក្រុមហ៊ុនល្អ​ច្រើន​វិនិយោគប្រកបទៅដោយការយកចិត្តទុកដាក់ និង ការគោរព​វិស័យបរិស្ថាន”។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា៖” មានក្រុមហ៊ុនចំនួន ៣ទៀត​បានដឹងខ្លួនមកសុំទោស ។ ក្រុមហ៊ុនទាំង ៣នោះ​បាន​ធ្វើការសុំទោស ហើយគាត់ក៏បានធ្វើការកែតម្រូវ សុំធ្វើការបង់​ផាកពិន័យទៅវិញដែរ។ ឥឡូវមានក្រុមហ៊ុនចំនួន៤ ក្នុងដៃ​របស់យើងដែលកំពុងតែអនុវត្តផ្លូវច្បាប់ ដែលគាត់មិនទាន់​អនុវត្ត​បានត្រឹមត្រូវ ។ ក្រៅពីនេះក៏មានក្រុមហ៊ុនមួយទៀត​គាត់បានតវ៉ាគឺក្នុងព្រែកមួយនោះគាត់បំពុលទឹក គឺយប់​ឡើង​មានក្លិនស្អុយធ្វើឱ្យប្រជាជនមិនអាចរស់នៅបានរយ:៣ឆ្នាំ​កន្លងមកហើយ។ ក្រសួងបានរកឃើញ ពេលដែលមន្ត្រី​បរិស្ថាន​ចាប់គាត់ឡើងមកជួប គាត់តវ៉ាបដិសេធថា គាត់មិនបាន​បង្ហូរ​ទឹក​ស្អុយចូលក្នុងព្រែកទេ។ ក្រសួងបរិស្ថានចុះទៅពិនិត្យ​យក​សំណាកទឹកពិនិត្យដើម្បីអនុវត្តតាមផ្លូវច្បាប់ហើយដែរ។

ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តី អំពាវនាវឱ្យក្រុមហ៊ុនទាំងអស់​គោរព​ច្បាប់ ដើម្បីប្រយោជន៍ប្រជាជនយើងទេ បើយើងមិន​គោរព​ច្បាប់ទេមិនអាចមានបរិស្ថានល្អទេ។

ដោយឡែក លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់​ការិ​យាល័យនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានថ្លែងឱ្យដឹងថា គម្រោងពីការពង្រឹងសមត្ថភាព​លើការ​គ្រប់គ្រងការបំពុលទឹកគឺជាគំនិតផ្តួចផ្តើមរយៈពេល ៣ ឆ្នាំ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦។ គម្រោងនេះមានគោលបំណងផ្តោតទៅលើការ បង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ ដោយផ្អែកលើអនុក្រឹត្យស្តីពីការ គ្រប់គ្រងការបំពុលទឹក។

លោកស្រីថ្លែងបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងសម្រេចបាននូវ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍ​សមត្ថភាពរបស់មន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព ទឹក​លើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់។ ព័ត៌មានលម្អិតអំពី​សមិទ្ធិផល​កាលពីឆ្នាំមុននេះ នឹងមាន បង្ហាញជូននៅ​ក្នុង​វគ្គបន្តបន្ទាប់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner