សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នាំឲ្យការលក់អាវុធរបស់អាមេរិកទៅអឺរ៉ុបស្ទុះឡើង ៣ ដង

វ៉ាស៊ីនតោន ៖ ការនាំចេញសព្វាវុធសង្គ្រាមរបស់អាមេរិកទៅកាន់សហភាពអឺរ៉ុប បានកើនឡើងដល់ទៅបីដងឯណោះ ជំរុញខ្លាំងដោយសារការផ្គត់ផ្គង់ជំនួយយោធាក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងតម្រូវការបង្កើនឃ្លាំងស្តុកសព្វាវុធរបស់ប្រទេសក្នុងប្លុកអឺរ៉ុប ឆ្លើយតបការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ផ្អែកតាមរបាយការណ៍ស្តីពីការទិញ និងលក់អាវុធទូទាំងពិភពលោករបស់វិទ្យាស្ថានសិក្សាសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI) បានបង្ហាញថា ក្នុងរយៈពេលពីឆ្នាំ ២០២០ដល់២០២៤ អ៊ុយក្រែនបានក្លាយជាប្រទេសដែលនាំអាវុធចូលច្រើនជាងគេ។ ចំណែកសហរដ្ឋអាមេរិកវិញ គឺជាប្រទេសនាំចេញអាវុធធំជាងគេបង្អស់ ពោលគឺប្រមាណ ៤៣% នៃទំហំអាវុធលក់នៅទូទាំងពិភពលោក។

ក្នុងនោះ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ទ្វីបអឺរ៉ុបបានកើនឡើង ២៣៣% ក្នុងរយៈពេលពីឆ្នាំ ២០២០-២០២៤ បើធៀបនឹងរយៈពេល ៥ឆ្នាំមុន។ បើតាមវិទ្យាស្ថាន SIPRI នេះជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍ ដែលអឺរ៉ុបមានចំណែកធំបំផុតនៃការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក។

អឺរ៉ុបទាំងមូលមាន ២៨ភារយនៃការនាំចូលអាវុធរបស់ពិភពលោក ពីឆ្នាំ ២០២០ដល់២០២៤ ដោយកើនឡើងពីតួលេខ ១១ភាគរយចន្លោះឆ្នាំ ២០១៥ និង ២០១៩។ គ្រាន់តែអ៊ុយក្រែនមួយ មានចំណែកនាំចូល ៨.៨ភាគរយក្នុងឆ្នាំ ២០២០ដល់២០២៤ ហើយពាក់កណ្តាលនៃការនាំចូលនោះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ ការនាំចេញគ្រឿងសព្វាវុធរបស់រុស្ស៊ី ដែលធ្លាប់តែស្ថិតនៅលេខរៀងទី ៣ លើពិភពលោកនោះ បានធ្លាក់យ៉ាងគំហុកដល់ទៅ ៦៤% បន្ទាប់ពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ក្រៅតែពីត្រូវការទុកអាវុធប្រើប្រាស់ខ្លួនឯង ការនាំចេញរបស់រុស្ស៊ីក៏បានជួបឧបសគ្គធំ ដោយសារតែទណ្ឌកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន kyiv independent។

សង្រ្គាមរុស្ស៉ី និងអ៊ុយក្រែនបានសបញ្ជាក់ឱ្យឃើញពីការពឹងផ្អែករបស់អឺរ៉ុប ទៅលើអាវុធរបស់សហរដ្ឋអាមេរិក ទោះបីជាមានជាបក្សសម្ព័ន្ធយោធាណាតូ ជាគ្រឹះនៃយុទ្ធសាស្ត្រសន្តិសុខរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ក៏ដោយ៕

ប្រភព ៖ Defense News និង kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner