សង្គ្រាមពន្ធរបស់លោក Trump ធ្វើឲ្យផ្សារហ៊ុនអាមេរិកខាតអស់ ៤ ពាន់ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ ទីផ្សារភាគហ៊ុនអាមេរិកបានជួបប្រទះនូវការខាតបង់ដ៏ធំមួយដល់ទៅ ៤ ពាន់ពាន់លានដុល្លារ ដោយសារតែសង្រ្គាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងធ្វើឱ្យអ្នកវិនិយោគភិតភ័យ និងសម្រុកលក់ចេញភាគហ៊ុនយ៉ាងគំហុក នាំឱ្យរង្គោះរង្គើដល់ទីផ្សារភាគហ៊ុននៅអាស៊ី ជាមួយនឹងភាពភ័យខ្លាចសេដ្ឋកិច្ចដាំក្បាលចុះ។

គោលនយោបាយថ្មីៗរបស់លោកប្រធានាធិបតី Trump បានបង្កើនភាពមិនច្បាស់លាស់ សម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងវិនិយោគិន ជាពិសេសសង្គ្រាមពន្ធសងសឹកទៅវិញទៅមក ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន មានដូចជាកាណាដា ម៉ិកស៊ិក និងចិន។

កាលពីថ្ងៃចន្ទ ការលក់ភាគហ៊ុនក្នុងទីផ្សារហ៊ុនពិភពលោកបានធ្លាក់ចុះយ៉ាងគំហុក ដោយសន្ទស្សន៍ S&P 500 របស់អាមេរិក បានថយ ២,៧% ដែលនេះជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតនៅក្នុងឆ្នាំនេះ។

ទន្ទឹមគ្នា ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nasdaq ក៏បានធ្លាក់ចុះដល់ទៅ ៤% ផងដែរ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតក្នុងពេលត្រឹមមួយថ្ងៃ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក។

សន្ទស្សន៍ S&P 500 កាលពីថ្ងៃចន្ទ បានបិទក្នុងតួលេខធ្លាក់ចុះ ៨,៦% ពីកម្រិតខ្ពស់បំផុតកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដែលនេះជាការខាតបង់ជាង ៤ ពាន់ពាន់លានដុល្លារ នៅក្នុងតម្លៃទីផ្សារចាប់តាំងពីរយៈពេលនោះមក។ ចំណែកក្រុមហ៊ុនបច្ចេកវិទ្យា Nasdaq វិញក៏បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការធ្លាក់ចុះជាង ១០% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួននៅខែធ្នូ។

នៅក្នុងថ្ងៃចន្ទដដែល វិស័យបច្ចេកវិទ្យានៃសន្ទស្សន៍ S&P 500 បានធ្លាក់ចុះ ៤,៣% ខណៈដែលភាគហ៊ុន Apple និង Nvidia ទាំងពីរបានធ្លាក់ចុះប្រហែល ៥% ហើយ Tesla បានធ្លាក់ចុះ ១៥% នាំឱ្យខាតបង់ដល់ទៅ ១២៥ ពាន់លានដុល្លារ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner