ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិគ្រងជើងឯកពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានក្លាយ​ជា​ម្ចាស់​ជើងឯក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួង​មហា​ផ្ទៃលើកទី២ ឆ្នាំ២០២៥ ដោយយកឈ្នះក្រុមបាល់ទាត់​អន្តោប្រវេស៍មានជ័យ ក្នុងលទ្ធផល៣ទល់០ ក្នុងជំនួបវគ្គផ្តាច់​ព្រ័ត្រ នាល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម អធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

បន្ទាប់ពីគ្រងបានតំណែងជើងឯក ប្រចាំឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរងរាជធានីភ្នំពេញ និងជាប្រធានដឹកនាំក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានថ្លែងលើកឡើងថា អ្វីដែលជំរុញឱ្យក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើក ទី២ ប្រចាំឆ្នាំ២០២៥នេះ គឺថ្នាក់ដឹកនាំក្រុមទាំងមូល ក្នុងនោះក៏មានគ្រូបង្វឹកផងដែរ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រឹមត្រូវតាមអ្វីដែលជាបច្ចេកទេសបាល់ទាត់ ព្រោះការប្រកួតក្រុមចូលរួមទាំងអស់សុទ្ធសឹងតែចង់បានពានយកទៅកាន់អង្គភាពរៀងៗខ្លួន។ ហេតុដូចនេះហើយ ការត្រៀមរបស់យើងមានរយៈពេលយូ និងមានការរួបរួមសាមគ្គីភាពក្នុងក្រុមបានល្អទាំងកីឡាករគ្រូបង្វឹក គ្រូជំនួយ និងថ្នាក់ដឹកនាំ ទើបធ្វើឱ្យក្រុមរបស់ពួកយើងដណ្តើមបានពានក្នុងរដូវកាលទី២នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ តឹង សុធី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ក្រុមអគ្គស្នងការនគរបាលជាតិ សម្រាប់ការចូលរួមដណ្តើមពានរង្វាន់បាល់ទាល់ទាត់ក្រសួងមហាផ្ទៃជាលើកទី៣ផងដែរ ដោយ ឯកឧត្តម នឹងពង្រឹងសមាជិកក្រុមដែលមានស្រាប់ និងស្វែងរកនូវធនធានថ្នាលប៉ូលីសថ្មីៗបន្ថែមចូលរួមជាមួយក្រុម ដើម្បីរក្សបានតំណែងជើងឯក ។

ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភិរៈ អគ្គលេខាធិ​ការ នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាន​វាយតម្លៃថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់​ក្រសួង​មហាផ្ទៃលើកទី២ ដែលដំណើរការប្រកួតអស់រយៈពេលជាង ២ខែ កន្លងទៅនេះ អាចវាយតម្លៃបានថា ការប្រកួតបានប្រព្រឹត្តិ​ទៅក្នុងឆ្នាំ២០២៥នេះ មានភាពល្អប្រសើរខ្លាំងជាងឆ្នាំ២០២៤ ខណៈកីឡាករយល់ដឹងច្រើនអំពីច្បាប់ល្បែង និងក្រុមបាល់ទាត់​ចូល​រួមមានទាំងគុណភាព និងបច្ចេកទេសមកជាមួយផងដែរ។

ឯកឧត្តម យិត ភិរៈ បានរំលេចឱ្យដឹងទៀតថា ដោយ​ទទួលបាន​ការណែនាំបន្ថែម ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាពាន​រង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃលើកទី៣ ឆ្នាំ២០២៦ នឹង​ពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ដោយបន្ថែមបញ្ចូល​ពី​ក្រុម​បាល់ទាត់ រាជធានីខេត្ត និងស្នងការរាជធានី ខេត្តទៀត​ផងដែរ ។

ជាមួយនិងទិសដៅពង្រីកផ្តល់ឱកាសឱ្យក្រុមបាល់ទាត់រាជធានី និងស្នងការរាជធានី ខេត្ត ចូលរួមក្នុងពានរង្វាន់មួយនេះនៅឆ្នាំ​ក្រោយ ឯកឧត្តម បានអំពាវនាវ ឱ្យក្រុមបាល់ទាត់រាជធានីខេត្ត ខិតខំដុះខាត់សមត្ថភាពខ្លាំងក្លា ក្នុងនោះបូករួមនិងក្រម​សីល​ធម៌​វិន័យ​ផងដែរ ដើម្បីឱ្យក្រុមចូលរួមទាំងអស់មានសមត្ថភាព​ប្រហាក់ប្រហែលគ្នា ធ្វើឱ្យការប្រកួតបានប្រព្រឹត្តិទៅកាន់​តែ​ល្អ​ប្រសើរ។ ដ្បិតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែល​ផ្តល់ឱកាសឱ្យអង្គភាពក្រោមចណុះក្រសួងមហាផ្ទៃចូលរួមប្រកួតជារៀងរាល់ឆ្នាំនេះ គ្រោងមានការពង្រីកខ្លួនទៅជាការប្រកួត​ធំដូច​ការប្រកួតបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាដែរ។

សម្រាប់លទ្ធផល ចំណាត់ថ្នាក់ ក្រុមបាល់ទាត់អគ្គស្នងការ​នគរបាល​ជាតិ ក្លាយជាម្ចាស់ជើងឯក .ក្រុមជើងឯករង បានទៅ​លើ អន្តោអន្តោប្រវេស៍មានជ័យ .ក្រុមជ័យលាភីចំណាត់លេខ៣ បានទៅលើក្រុមបាល់ទាត់ខុក្ខាល័យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង ចំណាត់លេខ៤ ក្រុមបាល់ទាត់ក្រុមប្រឹក្សាកីឡា​ក្រសួងមហាផ្ទៃ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner