លោក Trump ទិញឡាន Tesla លើកទឹកចិត្តលោក Musk
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ លោកនឹងទិញឡានម៉ាក Tesla ថ្មីមួយគ្រឿង ដើម្បីបង្ហាញពីទំនុកចិត្ត និងការគាំទ្រដល់លោក Elon Musk ដែលកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ក្រោយភាគហ៊ុន Tesla ធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនក្នុងពេល ៤ឆ្នាំ។
លោកប្រធានាធិបតី Trump និយាយថា អំពើហិង្សាប្រឆាំងនឹងក្រុមហ៊ុន Tesla នឹងត្រូវបានចាត់ទុកជាអំពើភេរវកម្មក្នុងស្រុក ហើយជនល្មើសនឹងត្រូវទទួល ទោសធ្ងន់ធ្ងរ។ លោក Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា លោក Musk បានប្រថុយប្រថាននឹងការខាតបង់ ដើម្បីជួយប្រទេសជាតិរបស់យើង ហើយលោកកំពុងធ្វើការងារដ៏អស្ចារ្យ។ ប៉ុន្តែពួកឆ្វេងនិយមជ្រុល ដូចដែលពួកគេធ្លាប់បានធ្វើ កំពុងព្យាយាមដោយខុសច្បាប់ ហើយបានរួមគ្នាធ្វើពហិកា និងបំផ្លិចបំផ្លាញក្រុមហ៊ុន Tesla។
ដូច្នេះខ្ញុំនឹងទិញឡានម៉ាក Tesla ថ្មីមួយគ្រឿងនៅព្រឹកស្អែក ដើម្បីបង្ហាញពីទំនុកចិត្ត និងការគាំទ្រដល់លោក Elon Musk។ ការគាំទ្ររបស់លោក Trump បានធ្វើឱ្យភាគហ៊ុនរបស់ Tesla កើនឡើង ៤%។ លោក Musk បានឆ្លើយតបសាររបស់លោក Trump នៅលើវេទិកា X ដោយនិយាយអរគុណលោកប្រធានាធិបតី។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១៥.៤៣% គិតត្រឹមថ្ងៃចន្ទ ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងពេល ៤ឆ្នាំ ពោលគឺចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០។ ទន្ទឹមគ្នា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បានធ្លាក់ចុះជាង ១៣០ពាន់លានដុល្លារ ចាប់តាំងពីខែមករាមក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីនៃសារព័ត៌មាន Bloomberg៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា