រកឃើញកូនផ្សោតកើតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ
(ភ្នំពេញ)៖ ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និង អង្គការ WWF កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានរកឃើញកូនផ្សោតថ្មីមួយក្បាលទៀតទើបតែកើតនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ គឺគេបានរកឃើញកូនផ្សោតមួយក្បាលនេះបានកើតពីមេរបស់វាដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។
គួរបញ្ជាក់ថា ការរកឃើញកូនផ្សោតថ្មីមួយក្បាលនេះ គឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។
សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ នៃ ព្រះរាជាណាចក្រកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់បងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏កម្រនិងមានតម្លៃនេះ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ៕




ដោយ ៖ ម៉ាដេប៉ូ