ក្រសួងទេសចរណ៍ជូនដំណឹងពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ នៅចន្លោះពីថ្ងៃទី២១ ដល់២៣ ខែមីនា
(ភ្នំពេញ)៖ ក្រសួងទសចរណ៍បានចេញសេចក្តីជូនដំណឹងមួយអំពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។
ក្នុងសេចក្តីជូនដំណឹងនេះក្រសួងទេសចរណ៍បានឱ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។
ក្រសួងបានបន្តឱ្យដឹងថាក្នុងព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើក ទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើត ឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រី រដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុង ខែកញ្ញា ។ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជា ព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេស ចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រក ចូលទិស ខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ ៕



ដោយ ៖ ម៉ាដេប៉ូ