លោក Elon Musk ហៅសមាជិកព្រឹទ្ធសភាអាមេរិកថាជា “ជនក្បត់ជាតិ” ក្រោយស្កាត់ទៅអ៊ុយក្រែន

បរទេស ៖ លោក មហាសេដ្ឋី Elon Musk បានហៅចំៗ ឈ្មោះលោក Mark Kelly សមាជិកព្រឹទ្ធសភាអាមេរិកថា ជាជនក្បត់ជាតិ ក្រោយពេលដែលអតីតអ្នកបើកយន្តហោះ របស់កងទ័ពជើងទឹក រូបនេះ បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Skynews កាលពីថ្ងៃអង្គារ។

ដៃស្តាំរបស់លោក Trump បានចោទប្រកាន់ព្រឹទ្ធសមាជិក រូបនេះថា ការស្កាត់ទៅជួបមន្ត្រីអ៊ុយក្រែនបែបនេះ គឺខុសពីគោលការណ៍ របស់ប្រធានាធិបតី Trump ដែលកំពុងប្រឹងប្រែង ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោក Musk អះអាងថា ទស្សនកិច្ចនេះ គឺជាការបំបែកចេញ ពីជំហររបស់ប្រធានាធិបតី Donald Trump លើការចរចា នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។

ជុំវិញការដៀលចំៗ ពីសំណាក់លោក Musk ថា ជាជនក្បត់ជាតិ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យរូបនេះ បាននិយាយថា ទីប្រឹក្សាមហាសេដ្ឋីរូបនេះ «គ្មានអ្វីអស្ចារ្យទេ»។ លោក Mark Kelly បានទៅធ្វើទស្សនកិច្ច នៅក្រុង Kyiv កាលពីដើមខែមីនា ដោយបានជួបសួរសុខទុក្ខកងកម្លាំងដែលរងរបួស និងមន្ត្រីអ៊ុយក្រែន ផងដែរ ហើយនេះគឺជាទស្សនកិច្ច លើកទីបី ទៅកាន់ប្រទេសអ៊ុយក្រែន របស់លោក ចាប់តាំងពីឆ្នាំ២០២៣មក។

លោក Mark Kelly បានបង្ហោះ នៅលើបណ្តាញសង្គម X បន្ថែមថា ទស្សនកិច្ចនេះ គឺដើម្បីបង្ហាញថា អាមេរិក មិនអាចបោះបង់ចោល ប្រជាជនអ៊ុយក្រែន បានទេ។ លោកបន្តថា «មនុស្សគ្រប់គ្នាចង់ឱ្យសង្រ្គាមនេះបញ្ចប់ ប៉ុន្តែ កិច្ចព្រមព្រៀងក្នុងរូបភាពណាក៏ដោយ គឺត្រូវតែការពារសន្តិសុខ របស់អ៊ុយក្រែន ហើយមិនអាចជាការការពារ លោក ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ី នោះទេ៕

ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner