ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កតោ
(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងជក់ចិត្តអស់រយៈពេល៣ថ្ងៃនេះ ជាលទ្ធផលជ័យលាភីលើវិញ្ញាសចំនួន១៨ រួមមាន៖ ចំណាត់ថ្នាក់លេខ១ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មេដាយមាស៥ និងសំរឹទ្ធ១, លេខ២ សាលាគុន អង្គរមានឫទ្ធិ៍ មេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធ២, លេខ៣ សាលាគុនល្បុក្កតោតារាជ មេដាយមាស៣ និងសំរឹទ្ធ១, លេខ៤ សាលាគុនសាកលវិទ្យាល័យជាតិគ្រប់គ្រង មេដាយមាស២ និងសំរឹទ្ធ២ ខណៈ៥សាលាគុនផ្សេងទៀតទទួលបានមេដាយមាសម្នាក់១វិញ្ញាសាដូចៗគ្នា។
ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងឡើងវិញ ដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិ នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី ។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។ ហើយក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនមរតកព្រលឹងជាតិខ្មែរឱ្យស្ថិតស្ថេរយូរអង្វែងផងដែរ ។
គួរឱ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេល ៣ថ្ងៃពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ទទួលបានចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមាន៖ ប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ ១០៥នាក់, កីឡាការិនី ៥៥នាក់, មន្ត្រីបច្ចេកទេស ៤០នាក់, ក្រុមការងារស្ម័គ្រចិត្ត ១០នាក់ និងមាន ២៩សាលាគុនចូលរួម។ វិញ្ញាសាដាក់ឱ្យប្រកួតមាន ២៩វិញ្ញាសា ក្នុងនោះ វិញ្ញាសាប្រយុទ្ធនារី ៤វិញ្ញាសា ប្រយុទ្ធបុរស ៧វិញ្ញសា សម្ដែងឯកត្តជន ៦វិញ្ញាសា និងសម្ដែងក្រុម៣នាក់ មាន ១វិញ្ញសា ៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ