ឯកឧត្តម សុខ លូ និង អគ្គកុងស៊ុល ថៃ ពង្រឹងកិច្ចសហប្រតិ​បត្តិ​ការ និងការដោះដូរពាណិជ្ជកម្ម រវាង ខេត្ត ជាប់ព្រំដែនជាមួយ​ខេត្តបាត់ដំបង ដើម្បីសំដៅការលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាជនទាំងពីរ

(ខេត្តបាត់ដំបង)៖ ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិ​ចំនួន ២ និង ច្រកតំបន់ចំនួន ៣ មានព្រំប្រទល់ជាប់ទៅនឹង​ខេត្តចំនួន៣ របស់ប្រទេសថៃ រួមមាន ៖ ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ និងមានព្រំដែនជាប់ជាមួយប្រទេស​ថៃប្រវែង​ជាង ១៤០គីឡូម៉ែត្រ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាល​ខេត្តបាត់ដំបង ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ណារុត សូន្ថរោត្តម (Narut Soontarodom) អគ្គកុង​ស៊ុល ថៃ ប្រចាំខេត្តសៀមរាប ដើម្បីបង្ហាញពីការ​បង្កើនការរឹតចំណងមិត្តភាពសាមគ្គីភាពដ៏ជិតស្និទ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសនិង ប្រជាជនទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ ដែលកន្លងមក បានជួយបង្កលក្ខណៈងាយស្រួល ដល់បងប្អូន​ពលករ​ខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើត​ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។ ហើយ​បានស្នើដល់ភាគីថៃ ឲ្យបន្តជួយបង្កលក្ខណៈងាយស្រួល ដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើតវិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់​តែខិតជិតមកដល់ នាពេលខាងមុខ ឆាប់ៗនេះ។

ឯកឧត្តម ណារុត សូន្ថរោត្តម បានស្នើឯកឧត្តម សុខ លូ បន្ត​ជួយ​​រក្សា​សន្តិសុខ និង បង្កលក្ខណៈងាយស្រួលដល់ជនជាតិ​ថៃដែលបានធ្វើដំណើរមកលេងកម្សាន្ត និងដែលមកបំពេញ​ការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។ ឯកឧត្តម ក៏បានធ្វើការ​វាយតម្លៃ ដោយមើលឃើញពីការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ ដែលខេត្តបាត់ដំបង នាពេលបច្ចុប្បន្ន កំពុងតែមានការ​អភិវឌ្ឍន៍​រីកចម្រើនប្រែមុខមាត់ថ្មី យ៉ាងឆាប់រហ័ស ។

ភាគីទាំងពីរ ក៏បានពិភាក្សាដោយផ្តោតក្នុងការខិតខំពង្រឹង នូវ កិច្ច សហប្រតិបត្តិការ និងការដោះដូរពាណិជ្ជាកម្ម រវាង ខេត្ត ជាប់ព្រំដែនជាមួយខេត្តបាត់ដំបង ដើម្បីសំដៅការលើកកម្ពស់​ជីវ​ភាព​​រស់នៅរបស់ប្រជាជនទាំងពីរ និងជំរុញប្រែក្លាយតំបន់​ព្រំដែន​ទៅជាព្រំដែន សុខសុវត្ថិភាព សន្តិភាព ដើម្បីធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ បានកាន់តែល្អប្រសើរ​ឡើងថែមទៀត។

ភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការបន្តកិច្ចសហការរួមគ្នា ក្នុង​ការ​បង្រ្កាបនូវរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ទម្រង់ គ្រប់​រូបភាព បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែន ជាពិ​សេស​បទល្មើសល្បែងអនឡាញខុសច្បាប់ និងការ​ឆបោកតាម​ប្រព័ន្ធអនឡាញ ជាដើម ៕

( អត្ថបទ-រូបភាព = អ៊ុក សំអាន បប. )

ads banner