ឯកឧត្តម គីម រិទ្ធី ៖ កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងស្នូល ដ៏រឹងមាំ ក្នុងការបំពេញភារកិច្ចពេលមានគ្រោះអាសន្នប្រកប ដោយភាពកក់ក្តៅ និងមានទំនុកចិត្ត
(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ថ្លែងថា កងកម្លាំងប្រដាប់អាវុធមិនត្រឹមតែជាកម្លាំងស្នូល ក្នុងការទទួលរ៉ាប់រងលើកិច្ច ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសនោះទេ កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាកម្លាំងដ៏រឹងមាំក្នុងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្នផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម គីម រិទ្ធី ថ្លែងបែបនេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានអញ្ជើញចូលរួម ពីឯកឧត្តម អស់លោក លោកស្រី ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី បានបន្តថា ៖ បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែការអភិវឌ្ឍសមត្ថភាព កងកម្លាំងប្រដាប់អាវុធ គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ឆ្លើយតប និងដោះស្រាយនូវគ្រប់សភាពការណ៍ផ្សេងៗ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បន្ថែមថា៖ ការហ្វឹកហាត់ គឺជាចំណែកមួយក្នុងការពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ទាំងខាងផ្នែកចំណេះដឹង ឆន្ទៈ ស្មារតី ក៏ដូចជាការ ពង្រឹងនូវកាយសម្បទា ឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ឱ្យស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល គឺកងកម្លាំងប្រដាប់អាវុធត្រូវមានកម្រិតយល់ដឹងខ្ពស់ មានមនសិកាស្មារតីស្នេហាជាតិ មានកាយសម្បទា រឹងមាំ ស្វាហាប់ និងរហ័ស រហួន គ្រប់កាលៈទេសៈ ជាប់ជានិច្ច៕





សួន លីណា