ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៦ គីឡូម៉ែត្រ ក្នុងស្រុកកំពង់ត្រឡាច ត្រូវបានបើកការដ្ឋានកែលម្អឱ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូ dbst
(កំពង់ឆ្នាំង)៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ dbst ចំនួន១ខ្សែប្រវែងជិត ៦គីឡូម៉ែត្រ នៅឃុំថ្មឥដ្ឋ និង ឃុំឈូក ស ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី ១២ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាបានធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបានយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏ត្រូវបានចាត់ទុកជាវិស័យអទិភាពមួយយ៉ាងសំខាន់របស់ជាតិ ដែលជានិច្ចកាល តែងតែបានទទួលការគាំទ្រនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ.អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា យុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាគឺទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ចមសង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាល នៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចុកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញការអភិវឌ្ឍន៍ សង្គមនិងសេដ្ឋកិច្ច កម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាពនិងបរិយាប័ន ។
ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំងក៏បាន រំលឹកពីពេលកន្លងមក ការធ្វើដំណើរមានភាពលំបាកពីកន្លែងមួយទៅកន្លែងមួយ តែបច្ចុប្បន្នគឺមានភាពល្អប្រសើរច្រើន ជាពិសេសនៅតាមជនបទ ក៏មានផ្លូវថ្នល់ធ្វើដំណើរងាយស្រួល ក្នុងការដឹកជញ្ជូនផលិតផល របស់បងប្អូនប្រជាពលរដ្ឋ ជាប្រចាំផងដែរ។
ជាមួយនឹងការស្ថាបនាផ្លូវមួយខ្សែថ្មី ដែលមានប្រវែង ជិត៦គីឡូ ម៉ែត្រ ដែលបានបើកស្ថាបនានៅពេលនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនដែលរស់នៅតាមដងផ្លូវសូមឱ្យមានការយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារ ដែលចាប់ផ្ដើមដំណើរការសាងសង់និងអាចប៉ះពាល់ដល់ការធ្វើដំណើរ ចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដូចនេះសូមឱ្យមានការយោគយល់ឱ្យបានច្រើន ។
សូមបញ្ជាក់ថា សមិទ្ធផលថ្មីដែលខេត្តកំពង់ឆ្នាំង ទទួលបានធ្វើការជួសជុលកសាងផ្លូវកៅស៊ូ dbst មួយខ្សែនេះមានប្រវែង ៥ ៩៦៦ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងឃុំចំនួន ២ គឺឃុំថ្មឥដ្ឋ និងឃុំឈូក ស ក្នុងស្រុកកំពង់ត្រឡាច ៕
ដោយ ៖ សុខ គឹមសៀន