ប្រជាជន ៥ស្រុក ជិត ១ម៉ឺន៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នឹងមានទឹកស្អាតប្រើប្រាស់ចាប់ពី ឆ្នាំ២០២៥នេះតទៅ
(បន្ទាយមានជ័យ)៖ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានកែលម្អលទ្ធភាពប្រើប្រាស់ទឹក ក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីការបង្កើតប្រព័ន្ធទឹកដំបូងនៅក្នុងឆ្នាំ២០១៥ រហូតឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទឹកស្អាតចំនួន ២៩ទីតាំងជាផ្លូវការហើយ ក្នុងស្រុកចំនួន៥ ដែលមានគ្រួសារទទួលផលចំនួន ១៤ ៩៥១គ្រួសារកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម អ៊ុ រាត្រី បានបង្ហាញថា ស្ថានភាពប្រើប្រាស់ទឹកស្អាតនៅទូទាំងខេត្តមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨ ២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញ, រីឯស្ថានីយផលិតទឹកផឹកមានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦។ ទាំងបណ្តាញចែកចាយទឹកតាមបំពង់ ទាំងស្ថនីយផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧ ៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលរីកចម្រើនគួរជាទីមោទនៈ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរ ឡើង ជាពិសេសមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកទទួលទានទឹកមានសុវត្ថិភាព និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ។
ពាក់ព័ន្ធនឹង វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ដែលស្របនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ៕





ដោយ ៖ ឃិន គន្ធា