ក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ
(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច បានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មិនា ឆ្នាំ២០២៥នេះ ។
ឯកឧត្ដម ម៉ប់ សារិន បន្តថា ក្នុងខែកុម្ភៈកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌបើទោះបីមានការកើនឡើង ប៉ុន្តែអ្វីដែលជាការកោតសរសើរនោះ កងកម្លាំងរបស់យើងបង្ក្រាបបានស្ទើរតែ ១០០ភាគរយ ។ ឯកឧត្ដម ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង ១៤ និង មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាយកអស់កម្លាំងកាយចិត្ត សំរេចបានលទ្ធផលការងារយ៉ាងល្អប្រសើរ។

ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។

លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងផងដែរថា៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ បានកើតមាន ៤៨លើក/៣៨លើក កើនឡើង ១០លើក ។ យើងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៤៦ករណី ឃាត់ខ្លួន ៧០នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៥៥ករណី ឃាត់ខ្លួន ២៧៤នាក់។ បង្ក្រាបក្មេងទំនើងបាន ២៦ករណី ឃាត់ខ្លួន ៩៧នាក់។បង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន ៩ករណី ឃាត់ខ្លួន ៨៣នាក់។ ចំណែកគ្រោះថ្នាក់អគ្គិភ័យវិញបានកើតមានឡើងចំនួន២១លើក/៨លើក ពោលគឺបានកើនឡើង ១៣លើក ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ១៦លើក, កត្តាមនុស្សដុតឲ្យឆេះ ៣លើក, ប្រហែសភ្លើងទៀន-ធូប ១លើក និងរថយន្តជាប់ហ្វាំង ១លើក៕
ដោយ ៖ ហេង សម្បត្តិ

