ក្រសួងមុខងារសាធារណៈ ជូនដំណឹងដល់ អភិបាលរាជធានី ខេត្ត​ សំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែល​កំពុងបំពេញ​ការងារនៅតាមមណ្ឌលសុខភាព

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា នាពេលកន្លងមកក្រសួងមុខងារសាធារណៈ បានស្នើសុំកិច្ច​សហការពីរដ្ឋបាលរាជធានី ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពការ​ប្រើប្រាស់មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិក​ស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារនៅតាមមណ្ឌលសុខភាព​គោលដៅ។ បន្ទាប់មកមណ្ឌលសុខភាពបានប្រកាស នឹង​បញ្ជាក់ច្បាស់លាស់អំពីព័ត៌មាន ទិន្នន័យ និងតម្រូវការមន្ត្រី​សុខាភិបាលដែលនឹងត្រូវជ្រើសរើសផ្អែកលើកិច្ចព្រមព្រៀងការងារ ក្នុងន័យកំណត់ចំនួនមន្ត្រីសុខាភិបាល អប្បបរមាចំនួន ០៧នាក់/មណ្ឌលសុខភាព គ្រប់មណ្ឌលសុខភាពទូទាំង​ប្រទេស។ ការរៀបចំនេះ ក៏មានការចូលរួមពិនិត្យផ្ទៀងផ្ទាត់​ទិន្នន័យពីការិយាល័យសុខាភិបាលក្រុង/ស្រុកប្រតិបត្តិ និង​មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ផងដែរ។

ដើម្បីអនុវត្តផែនការសកម្មភាពនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤-២០២៧ ដែលត្រូវបាន ផ្តោតលើការពង្រឹង​សមត្ថភាពមណ្ឌលសុខភាព ក្នុងការផ្តល់សេវាថែទាំសុខភាព​ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព រួមទាំងការអនុវត្តវិធា​ន​ការ​គន្លឹះទី១ ការដាក់ឱ្យអនុវត្តប្រព័ន្ធ​ជ្រើសរើសមន្ត្រីចូលបម្រើ​ការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយា​បន្ន និងប្រសិទ្ធភាព និងស្របតាមអភិក្រមរបស់ប្រមុខ​រាជរដ្ឋា​ភិបាល “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និងក្នុង​គោល​បំណង គ្រប់គ្រងឱ្យបានស្ថានភាពមន្ត្រីរាជការស៊ីវិល ដែល​កំពុង​បំពេញការងារនៅតាមមណ្ឌលសុខភាព ឱ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចូលរួមសហការផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិល ដែលកំពុង​បំពេញ​​​ការងារនៅតាមមណ្ឌលសុខភាព ដើម្បីឱ្យការជ្រើសរើស​មន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារប្រព្រឹត្តទៅស្របតាមគោលការណ៍កំណត់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner