ប្រធានសភាស៊ីលីដឹកនាំសម័យប្រជុំទាំងដៃកាន់ទារក
បរទេស ៖ លោកស្រី Karol Cariola ប្រធានសភាតំណាង ប្រទេសស៊ីលី ស្ថិតនៅក្នុងតំបន់អាមេរិកខាងត្បូង បានដឹកនាំសម័យប្រជុំ ទាំងមានកូនខ្ចី ដោយដៃរបស់លោកស្រីបានកាន់អោបទារកទើបសម្រាលរបស់ខ្លួន ផងដែរ នាពេលនោះ។

លោកស្រី Karol Cariola បានដឹកនាំសម័យប្រជុំ កាលពីថ្ងៃអង្គារ បន្ទាប់ពីសម្រាកកូនដំបូង បានរយៈពេលជាងមួយសប្តាហ៍។ ជាការប្រឹងប្រែង ក្នុងស្ថានភាពមិនទាន់រឹងមាំ ស្របពេលដែលសមាជិកសភាបានប្រជុំ ប៉ុនប៉ងបោះឆ្នោត លើសំណើរមួយ ចង់ដកលោកស្រី ចេញពីតំណែង។

យ៉ាងណាមិញ សំណើចង់ផ្តួលលោកស្រី មិនបានសម្រេចទេ ដោយលោកស្រី Karol Cariola បានយកឈ្នះ លើបញ្ហាប្រឈមនេះ ជាមួយសំឡេងប្រឆាំងចំនួន ៧២, សំឡេងគាំទ្រ ៥២ និង អនុប្បវាទ ចំនួន១។

គួររម្លឹកថា កាលពីខែមេសា ឆ្នាំ២០២៤ លោកស្រី Karol Cariola ត្រូវបានចោទប្រកាន់ថា មានទំនោរទៅរកកុម្មុយនិស្ត ក្រោយក្លាយជាប្រធានសភា តំណាងប្រទេសស៊ីលី ដោយគេដឹងថា ស្ត្រីវ័យ ៣៧ឆ្នាំរូបនេះ បានធ្វើជាសមាជិកសភា តាំងពីឆ្នាំ២០១៣មក។
គួរបញ្ជាក់ថា កូនទី១ របស់លោកស្រី ដែលបីមកចូលរួមប្រជុំសភា គឺជាកូនប្រុស ដែលមានឈ្មោះថា Borja៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

