Huthisគំរាមវាយប្រហារនាវាឆ្លងកាត់សមុទ្រក្រហមជាថ្មី
បរទេស៖ ក្រុមឧទ្ទាម Huthis បានប្រកាសបន្តការហាមប្រាម លើនាវាអ៊ីស្រាអែល កុំឲ្យឆ្លងកាត់សមុទ្រក្រហម និងអារ៉ាប់ ជាការប្រកាសក្រោយពេលប៉ុន្មានថ្ងៃ ដែលក្រុមប្រដាប់អាវុធទាំងនេះ បាននិយាយថា នឹងបន្តការវាយប្រហារឡើងវិញ ប្រសិនបើគ្មានជំនួយដល់ហ្គាហ្សា ក្នុងរយៈពេលឆាប់ៗនេះ។
ពួក Huthis ដែលគ្រប់គ្រងភាគច្រើន នៃប្រទេសក្រីក្របំផុត នៅឧបទ្វីបអារ៉ាប់ បានបាញ់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាច្រើនគ្រាប់ ទៅលើការដឹកជញ្ជូនលើសមុទ្រ ដែលភ្ជាប់ជាមួយអ៊ីស្រាអែល និងការដឹកជញ្ជូនផ្សេងៗទៀត នៅក្នុងសមុទ្រក្រហម ក្នុងកំឡុងសង្គ្រាម Gaza រហូតដល់មានការអំពាវនាវឱ្យបញ្ឈប់ ក្រោយពេលដែលបទឈប់បាញ់ បានចាប់ផ្តើមចូលជាធរមាន នៅក្នុងខែមករា។
កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងរារាំងការដឹកជញ្ជូន ទៅកាន់តំបន់ហ្គាហ្សា រហូតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ទទួលយកលក្ខខណ្ឌរបស់ខ្លួន សម្រាប់ការបន្តបទឈប់បាញ់។ សហរដ្ឋអាមេរិក ថ្មីៗនេះ បានកំណត់ក្រុមឧទ្ទាម Huthis នៅប្រទេសយ៉ែមែន ជាអង្គការភេរវករបរទេស ឡើងវិញ និង ដាក់ទណ្ឌកម្ម លើឥស្សរជនជាន់ខ្ពស់ ចំនួន ៧នាក់ របស់Huthis ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត