ប្រធានាធិបតីថា ការចាប់ខ្លួន Duterte ជារឿងត្រឹមត្រូវ

បរទេស ៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Marcos បានបញ្ជាក់ថា ការចាប់ខ្លួនអតីតមេដឹកនាំហ្វីលីពីន លោក Duterte គឺជារឿងត្រឹមត្រូវ និង គោរពតាមការសន្យាអន្តរជាតិ។

លោក Ferdinand Marcos Jr. បាននិយាយថា «អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួន ដោយអនុលោមតាមការសន្យារបស់យើង ចំពោះ Interpol»។

ជាការលើកឡើង បន្ទាប់ពីយន្តហោះបានដឹកលោក Duterte ចេញដំណើរ ឆ្ពោះទៅកាន់ទីក្រុងឡាអេ ដែលជាទីតាំង របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC។

លោក Ferdinand Marcos Jr បានទទូចថា «យើងបានអនុវត្ត តាមគ្រប់នីតិវិធី ដែលចាំបាច់» ក្នុងការអនុវត្ត តាមតុលាការព្រហ្មទណ្ឌអន្តរជាតិ និងដីកា របស់ប៉ូលីស Interpol ហើយលោកហៅវិធានការនេះ គឺត្រឹមត្រូវ ហើយអ្នកគ្រប់គ្នានឹងដឹងថា គឺជារឿងស្របច្បាប់។

លោក Duterte អាយុ៧៩ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៃអំពើឃាតកម្ម» នេះបើយោងតាមតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ក្នុងនោះ ICC បានចោទប្រកាន់រូបលោក ជុំវិញការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយក្រុមសិទ្ធិមនុស្ស ប៉ាន់ស្មានថា បានសម្លាប់ប្រជាជនក្រីក្រ មានរហូតដល់រាប់ម៉ឺននាក់ ដែលជារឿយៗ ការសម្លាប់ជនសង្ស័យ មិនមានភស្តុតាង ដែលបង្ហាញពីទំនាក់ទំនងរបស់ពួកគេ ទៅនឹងបញ្ហាគ្រឿងញៀន នោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner