លោកជំទាវឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បង្ហាញពីបំណងចុះអនុស្សរណៈជាមួយ AMS
ភ្នំពេញ៖ដោយផ្តើមដំបូងនូវប្រសាសន៍ថា ប្រទេសគុយបា និងប្រទេសកម្ពុជាស្ថិតនៅឆ្ងាយពីគ្នាណាស់ តែយើងនៅជិតគ្នាតាមរយៈបេះដូង លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា បានបង្ហាញពីបំណងនៃការចុះអនុស្សរណៈយោគយល់គ្នាជាមួយ AMS Apsara លើកិច្ចសហការក្នុងវិស័យព័ត៌មាន ក្នុងន័យចែករំលែកព័ត៌មានទៅវិញទៅមកជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន អប្សារា មេឌាសឺវីស (AMS) ។លោកជំទាវត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាព័ត៌មាន និងថ្នាក់ដឹកនាំក្រុមហ៊ុន។

តាមរយៈនៃកិច្ចសន្ទនាលោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលឈានមកដល់ខួបទី៦៥ នៅឆ្នាំនេះ។ ជាមួយនឹងការកត់សម្គាល់អំពីសក្តានុពលរបស់ AMS Apsara ដែលបំពេញតួនាទី ក្នុងការផ្សព្វផ្សាយដ៏សម្បូរបែប លោកជំទាវឯកអគ្គរដ្ឋទូតគុយបាបានបញ្ជាក់ជូនលោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុនអប្សរាព័ត៌មាន នូវបំណងពង្រឹងពង្រីកកិច្ចសហការលើវិស័យព័ត៌មាន សេដ្ឋកិច្ច វប្បធម៌ អប់រំ ជាដើម ដែលលោកជំទាវយល់ថា មានសារសំខាន់ក្នុងការពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ គុយបា កម្ពុជា ។លោកជំទាវបានសម្លឹងទៅរកកិច្ចសហការជាមួយ AMS Apsara ដែលរឹងមាំលើសពីកម្រិតធម្មតា ដែលអាចនឹងឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នាមួយ រវាងស្ថានទូតគុយបាប្រចាំកម្ពុជា ជាមួយ AMS Apsara ។

ឆ្លើយតបនឹងបំណងរបស់លោកជំទាវឯកអគ្គរដ្ឋទូត លោក លឹម ឃុនស្រ៊ុន បានជម្រាបជូនលោកជំទាវអំពីការត្រៀមខ្លួន
សម្រាប់កិច្ចសហការជាមួយស្ថានទូតគុយបាប្រចាំកម្ពុជាលើការចែករំលែកព័ត៌មានជូនគ្នាទៅវិញទៅមក កម្ពុជា- គុយបា ។លោកស្វាគមន៍សម្រាប់ការមានអនុស្សរណៈយោគយល់គ្នា លើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ទេសចរណ៍ ។លោកអគ្គនាយកបានបញ្ជាក់ថា AMS Apsara បានផលិតមាតិកាសម្បូរបែបជាច្រើន ។ទន្ទឹមនឹងកិច្ចសហការផ្សព្វផ្សាយពីប្រទេសគុយបាដល់ប្រជាជនកម្ពុជា, AMS Apsara ក៏មានបំណងផ្សព្វផ្សាយពីកម្ពុជាជូនទៅដល់ប្រជាជននៃគុយបា និងពិភពលោកបានដឹងដែរ ។

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានបញ្ជាក់ថា ដោយសារប្រទេសទាំងពីរ គុយបា-កម្ពុជា មានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូររួចមកហើយ ការផ្សព្វផ្សាយព័ត៌មានតាមរយៈAMS Apsara ពុំត្រឹមតែផ្តល់តម្លៃដល់ប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏បានផ្តល់សារសំខាន់ដល់អ្នកជំនាន់ក្រោយ បានដឹងអំពីប្រវត្តិសាស្រ្តនេះផងដែរ។
សូមជម្រាបថា កម្ពុជា- គុយបាបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ហ្វីដែល កាស្រ្តូ( Fidel Castro) ខណៈប្រទេសទាំងពីរជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ ។
ដោយឡែកក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាកាលពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នៅពេលនោះសម្តេចជានាយករដ្ឋមន្រ្តីកម្ពុជា ,សម្ដេចនិងគណៈប្រតិភូចូលជួបសម្តែងការគួរសមលោក រ៉ាអ៊ួល កាស្ត្រូ អតីតប្រធានាធិបតីគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់លោក ហ្វីដែល កាស្រ្តូ ដល់លំនៅដ្ឋានក្នុងរដ្ឋធានីហាវ៉ាណា។អំឡុងពេលនោះសម្តេចតេជោ ហ៊ុន សែន បានជម្រាបលោក រ៉ាអ៊ួល កាស្ត្រូ ថា ទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ ហាក់បីដូចជាឪពុក និងកូន៕
ដោយ៖មុនី
រូបថត៖ វេង លឹមហួត
