ក្រុមហ៊ុនចិន Xpeng គ្រោងបោះទុនជិត ១៤ ពាន់លានដុល្លារ ផលិតមនុស្សយន្តប្រជែង Tesla
ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន Xpeng កំពុងសម្លឹងឃើញគម្រោងផលិតមនុស្សយន្តក្នុងរយៈពេលវែងមួយ ហើយក៏កំពុងពិចារណាបោះវិនិយោគដ៏ធំបំផុតដល់ ១៣.៨ ពាន់លានដុល្លារ ដើម្បីប្រកួតជែងនឹងមនុស្សយន្តឆ្លាតវៃ Optimus របស់លោកមហាសេដ្ឋី Elon Musk ។

នាយកប្រតិបត្តិក្រុមហ៊ុន Xpeng លោក He Xiaopeng បាននិយាយនៅក្រៅសម័យប្រជុំសភាប្រចាំឆ្នាំថា Xpeng បានធ្វើការនៅក្នុងឧស្សាហកម្មមនុស្សយន្តអស់រយៈពេល ៥ឆ្នាំមកហើយ ហើយគ្រោងនឹងបន្តរយៈពេល ២០ឆ្នាំទៀត។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Securities Times ក្រុមហ៊ុន Xpeng មានបំណងបោះទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ១៣.៨ ពាន់លានដុល្លារនាពេលអនាគត។
ជាក្រុមហ៊ុនផលិតឡានអគ្គិសនីមូលដ្ឋាននៅទីក្រុងក្វាងចូវ Xpeng បានឈានជើងប្រឡូកឧស្សាហកម្មមនុស្សយន្តជាលើកដំបូងក្នុងឆ្នាំ ២០២០ ដោយបានបញ្ចេញមនុស្សយន្តដំបូងរបស់ខ្លួន មានឈ្មោះថា Iron Humanoid នៅក្នុងខែវិច្ឆិកា ដើម្បីរត់ប្រណាំងនឹងមនុស្សយន្តឆ្លាតវៃ Tesla Bot។
Xpeng ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតឡានជាច្រើន ដែលកំពុងចាយទុនយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងឧស្សាហកម្មមនុស្សយន្ត ដើម្បីស្វែងររបកគំឃើញថ្មីៗផ្នែកបច្ចេកវិទ្យា។ តួយ៉ាង ក្រុមហ៊ុនផលិតឡានអាចបោះទុនវិនិយោគពី ១៣០ ទៅ ២០០ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីផលិត និងចែកចាយមនុស្សយន្ត។ នេះបើយោងតាមការប៉ាន់ស្មានរបស់គេហទំព័ររបស់ He និង the Economic View៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
