ណាសាបញ្ជូនចានតេលេស្កុប SPHEREx ទៅស្រាវជ្រាវចក្រវាឡ និងស្វែងរកប្រភពទឹកនៅទីអវកាស
វ៉ាស៊ីនតោន ៖ ចានតេលេស្កុប ឬកែវយឺតអវកាស SPHEREx របស់អង្គការណាសា ត្រូវបានបញ្ជូនទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្តែត Falcon 9 ចេញពីមូលដ្ឋាន Vandenberg Space Force Base ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ សម្រាប់បេសកកម្មស្រាវជ្រាវទីអវកាស និងប្រភពដើមនៃចក្រវាឡ រួមទាំងការរុករកប្រភពទឹកនៃភពកាឡាក់ស៊ី Milky Way ដែលជាធាតុសំខាន់សម្រាប់ជីវិត។
ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល ២ឆ្នាំនៅទីអវកាស កែវយឺតអវកាស SPHEREx ដែលមានរាងដូចមេក្រូហ្វូនរបស់ណាសានេះ នឹងប្រមូលទិន្នន័យអំពីចក្រវាឡច្រើនជាង ៤៥០លានចក្រវាឡ ព្រមទាំងផ្កាយច្រើនជាង ១០០លានដួងក្នុងភព Milky Way និងស្វែងយល់ពីប្រភពដើមនៃសកលលោក និងចក្រវាឡនៅក្នុងនោះ។ វាក៏នឹងបង្កើតផែនដីត្រីមាត្រនៃសកលលោក ១០២ពណ៌ ជាប្រវែងរលកពន្លឺ។
បញ្ជូនទៅកាន់ទីអវកាសរួមជាមួយ SPHEREx គឺជាក្រុមផ្កាយរណបនៃបេសកកម្ម PUNCH របស់អង្គការណាសា ដែលមានគោលដៅសង្កេតមកុដព្រះអាទិត្យ ដែលជាស្រទាប់ខាងក្រៅបំផុតនៃបរិយាកាសព្រះអាទិត្យ។ គោលបំណងរួម គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីខ្យល់ព្រះអាទិត្យ ដែលជាលំហូរជាប់លាប់នៃភាគល្អិតមានបន្ទុកពីព្រះអាទិត្យ។
បេសកកម្មនេះ មានគោលបំណងស្វែងយល់អំពីបាតុភូតនៅទីអវកាស ដែលជាការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងខ្លាំងក្លានៃសកលលោក ពីចំណុចតែមួយក្នុងរយៈពេលតិចតួច បន្ទាប់ពីការផ្ទុះដ៏ធំដែលបានកើតឡើងប្រមាណ ១៣,៨ពាន់លានឆ្នាំមុន។
កែវយឺតអវកាស SPHEREx ត្រូវបានរៀបចំឡើងដើម្បីថតរូបភាពក្នុងគ្រប់ទិសដៅជុំវិញផែនដី ដោយបំបែកពន្លឺពីប្រភពក្នុងសកលលោករាប់ពាន់លាន ដូចជាផ្កាយ និងចក្រវាឡជាដើម ទៅជាប្រវែងរលកសមាសភាគរបស់វា ដើម្បីកំណត់អំពីសមាសធាតុ និងចម្ងាយរបស់វា។ អ្នកស្រាវជ្រាវក៏នឹងវាស់ពន្លឺសរុបដែលបញ្ចេញពីចន្លោះរវាងចក្រវាលផងដែរ។
លើសពីនេះ SPHEREx នឹងស្វែងរកទឹក និងម៉ូលេគុល ដូចជាឧស្ម័នកាបូនិកនិងកាបូនម៉ូណូអុកស៊ីត ដែលកកនៅលើផ្ទៃនៃគ្រាប់ធូលីក្នុងពពកម៉ូលេគុល ដែលជាតំបន់ដ៏ច្រើននៃឧស្ម័ន និងធូលីក្នុងលំហអវកាសអន្តរតារា។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រភពទឹកកកដែលជាប់នឹងគ្រាប់ធូលីក្នុងពពកទាំងនេះ គឺជាកន្លែងដែលទឹកភាគច្រើនក្នុងសកលលោកត្រូវបានបង្កើត និងស្ថិតនៅ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
