ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ហើយតឹងរឹង
(ភ្នំពេញ)៖ ពង្រឹងវិន័យការងារ និងវិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យបានតឹងរឹង និងគ្មានការយោគយល់ចំពោះអ្នកដែលល្មើសវិន័យឡើយ។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា តាមរយៈឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាកន្លងមកថ្មីៗនេះ បានសម្រេចដាក់ពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាសរុបចំនួន ២៣ករណីក្នុងនោះចៅក្រមចំនួន ១៤ករណីនិងព្រះរាជអាជ្ញាចំនួន ១៤ករណី ។ ការដាក់ពិន័យនាពេលនេះមានលក្ខណៈតឹងរឹង និងរហូតដល់មានការផ្លាស់ប្តូរដោយបង្ខំមួយករណី និងតម្រូវឱ្យបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី ការផ្លាស់ប្តូរបង្ខំ និងទម្លាក់ឋានៈមួយករណី ព្យួរការងារ មិនឱ្យមានប្រាក់បៀវត្យចំនួន ៦ខែជាដើម ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបង្ហាញការគាំទ្រដល់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដែលបានសម្រេចចិត្ត ដាក់វិធានការវិន័យដោយភាពម៉ឺងម៉ាត់ និងមិនលើកលែងចំពោះចៅក្រម ព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តិខុសច្បាប់ និងថែមទាំងបានប្រព្រឹត្តិខុសក្រមសីលធម៌ និងបានជំរុញឱ្យអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីសំដៅលើកកម្ពស់ កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអង្គចៅក្រម និងក៏ដូចជាសំដៅលើកកម្ពស់ ជំនឿទុកចិត្តរបស់សាធារណៈជន មកលើវិស័យយុត្តិធម៌នៅកម្ពុជា។
ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល បានថ្លែងថា កន្លងមកចៅក្រម ព្រះរាជអាជ្ញា យ៉ាងច្រើន គេសង្កេតឃើញថា បានអនុវត្តការងារបានត្រឹមត្រូវ ផ្ទុយទៅវិញក៏នៅមានមន្រ្តីខ្លះនៅមិនទាន់យកចិត្តទុកដាក់ពង្រឹងសមត្ថភាព គោរពវិន័យក្រមសីលធម៌ ដោយបំពេញភារៈកិច្ចមិនស្ថិតនៅក្នុងក្របខណ្ឌ មនសិការវិជ្ជាជីវៈឡើយ បើទោះបីមានការរំលឹកដាស់តឿនជាប្រចាំក៏ដោយ ។ បញ្ហានេះបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ស្នូលនៃស្ថាបនាទំនុកចិត្តលើស្ថាប័នយុត្តិធម៌យើង។ហេតុនេះយើងក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រមដែលមានសមាសភាពចំនួន ៩រូប ចាំបាច់ត្រូវបង្ខំចិត្តអនុវត្តក្រោមពាក្យស្លោកថា ”បើត្រីណាមួយស្អុយត្រូវដកត្រីនោះចេញកុំទុកឱ្យស្អុយដល់ត្រីដទៃដែលគេល្អក្នុងកន្រ្តក”។
លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូលបានថ្លែងថា៖ ក្នុងឆ្នាំ២០២៤កន្លងមកនេះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញាសរុបចំនួន ៤៧នាក់ក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌ ផ្លាស់ដោយបង្ខំ ទំលាក់ឋានៈព្យួរការងារមិនឱ្យមានប្រាក់បៀវត្យ ស្តីបន្ទោសដោយផ្ទាល់មាត់ ស្តីបន្ទោសដោយចុះសំណុំលិខិតផ្ទាល់ ផ្អាកមិនឱ្យឡើងឋានៈដោយតម្រូវឱ្យបណ្តុះបណ្តាលបន្ថែមជាដើម។
របាយការណ៍ក្រសួងយុត្តិធម៌ក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ឱ្យដឹងដែរថា ក្នុងពាក្យបណ្តឹងដែលទទួលបានសរុបរួម គិតពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ (រយៈពេល ១ឆ្នាំ នៃយុទ្ធនាការ) មានចំនួន ២៤១៣ សំណុំរឿង ស្មើនឹងជាង ៦រឿងក្នុងមួយថ្ងៃ ។ ហើយបើគិតមដល់ត្រឹមថ្ងៃ១១ ខែមីនា ឆ្នាំ២០២៥នេះដែរ ពាក្យបណ្តឹងមានចំនួនសរុប ២៦៥៤ បណ្ដឹង ដោយក្នុងនេះពាក្យបណ្តឹងអាចបញ្ជូនបានសរុបចំនួន២៣៩៦ សំណុំរឿង ហើយពាក្យបណ្ដឹងដែលមិនអាចបញ្ជូនបានមានចំនួន ១៧ សំណុំរឿង ៕
ដោយ ៖ ម៉ាដេប៉ូ





