ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។
លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ ។
លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន កសិកម្ម និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី ។
លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល ៥៥ឆ្នាំមកហើយ ដោយជឿជាក់ថា តួនាទីរបស់លោកជំទាវអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់រីកចម្រើនថែមទៀត ។
សម្ដេចបវរធិបតី ក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាព ។
សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។
សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ





